អាជ្ញាធរកម្ពុជា-ថៃ ប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងលឹក កំពុងពិភាក្សាស្វែងរកដំណោះស្រាយរយៈពេលខ្លីមួយ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋនៃប្រទេសទាំងពីរអាចត្រឡប់ទៅប្រទេសកំណើតរៀងៗខ្លួនវិញ បន្ទាប់ពីកងទ័ពថៃបានបិទច្រកដោយឯកតោភាគី កាលពីរសៀលថ្ងៃម្សិលមិញ។

កិច្ចពិភាក្សានេះធ្វើឡើង បន្ទាប់ពីមានការបិទច្រកទ្វារដោយឯកតោភាគីពីសំណាក់ភាគីថៃ ដែលបណ្ដាលឱ្យពលរដ្ឋជាច្រើន កំពុងជាប់គាំងនៅប្រទេសថៃ រួមទាំងអាជីវករខ្មែរនៅផ្សាររុងក្លឿ ជួបការលំបាក។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ នៅច្រកព្រំដែនប៉ោយប៉ែតថា៖ «អាជ្ញាធរកម្ពុជានឹងបន្តខិតខំប្រឹងប្រែងធ្វើការជាមួយភាគីថៃ ដើម្បីរកដំណោះស្រាយល្អបំផុតជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស»។
អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នេះ និងជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបជាបន្តបន្ទាប់។
ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់ថា ប្រជាពលរដ្ឋដែលបានទៅធ្វើការរកស៊ីនៅតាមព្រំដែនថៃ (ផ្សាររុងក្លឿ) មានចំនួនប្រមាណ ៣៥០០តូប និងប្រជាពលរដ្ឋខ្មែរប្រមាណ ៦០០០នាក់ដែលជាម្ចាស់តូប។
សូមជម្រាបថា ថៃបានប្រកាសបិទព្រំដែនទាំងស្រុងជាឯកតោភាគីជាមួយកម្ពុជា កាលពីយប់ថ្ងៃម្សិលមិញដោយអនុញ្ញាតតែអ្នកជំងឺ និងសិស្ស ឆ្លងកាត់ប៉ុណ្ណោះ៕


