ការសិក្សាបន្តបន្ទាប់​ បង្ហាញថា ប្រជាជនថៃចូលចិត្តបង្កើតនិងចែករំលែកព័ត៌មានមិនពិត

នៅពេលដែលប្រទេសថៃកាន់តែមានទំនាក់ទំនង​ទូលំទូលា​​យ​​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​​ឌីជីថល វាក៏ប្រឈមនឹងហានិភ័យធ្ងន់ធ្ងរលើ​​បណ្តាញ​អ៊ីនធឺណិតផងដែរ ជាពិសេសការគំរាមកំហែងតាមអ៊ីនធឺណិត និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បូករួមជាមួយនឹងប្រជាជនមួយចំនួនចូលចិត្តបង្កើតឈុត​ឆាក​​​ខុស​ពីការ​ពិត​ និងព័ត៌មានមិនពិតនៅលើបណ្ដាញសង្គមដែល​ធ្វើឲ្យមានការយល់ច្រឡំផ្សេងៗ។

យោងតាម​​របាយការណ័សិក្សា​មួយ​កាល​ឆ្នាំ ២០២៤ ដោយវិទ្យាស្ថាន ISEAS (Yusof Ishak Institute Study) របស់​សិង្ហបុរីបានរកឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គមថៃ ងាយរងគ្រោះក្នុងការជឿ និងចែករំលែកព័ត៌មានមិនពិត ដោយ​សារខ្វះការយល់ដឹងបូករួមជាមួយអ្នកខ្លះមានបំណងជាក្រក់នៅក្នុងប្រយោជន៍នយោបាយជាដើម។ បញ្ហានេះជំរុញឲ្យ​រដ្ឋាភិបាលថៃ​ដាក់​ចេញ​នូវ​វិធានការ​​ច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត និងបានបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តដើម្បីតាម​ដាន​ខ្លឹមសារដែលគេមើលឃើញថា មានគ្រោះថ្នាក់ដល់សន្តិសុខជាតិ។

បញ្ហាទាំងនេះមិនត្រឹមតែធ្វើឱ្យខូចសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ ថែមទាំងបង្កើនការបែកបាក់សង្គម ការមិនទុកចិត្តគ្នា និងសូម្បីតែ​ភាព​តានតឹងផ្នែកនយោបាយ ស្របពេលបច្ចុប្បន្នថៃកំពុងមានវិវាទព្រំដែលជាមួយកម្ពុជាថែមទៀតនោះអាជ្ញាធរថៃក៏បានចេញសេចក្ដីប្រកាសកុំឲ្យប្រជាជនខ្លួនពង្រីកព័ត៌មានមិនពិតថែមទៀត។

ការយាយីតាមអ៊ីនធឺណិត និងការបង្កើតព័ត៌មានក្លែងក្លាយ បានរីករាលដាលនៅលើវេទិកាដូចជា Facebook, TikTok និង Twitter ដែលបច្ចុប្បន្នហៅថា X។ ការសិក្សាឆ្នាំ ២០២០ ដោយមូលនិធិលើកកម្ពស់សុខភាពថៃ (Thai Health Promotion Foundation) បានបង្ហាញថា យុវជនថៃជាង ៤២% បានជួបប្រទះការគំរាមកំហែងតាមអ៊ីនធឺណិត។ 

ជនរងគ្រោះជារឿយៗទទួលរងពីភាពតានតឹង ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត ហើយក្នុងករណីធ្ងន់ធ្ងរ គំនិតចង់ធ្វើអត្តឃាត។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនមិនបានរាយការណ៍អំពីការរំលោភបំពាននេះទេ ដោយសារការភ័យខ្លាច ឬភាពស្មុគស្មាញនៃនីតិវិធីច្បាប់ក្នុងប្រទេសថៃ។

រដ្ឋមន្ត្រី​ឌីជីថល​របស់​ប្រទេស​ថៃ​មើល​អេក្រង់​បង្ហាញ​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ទីក្រុង​បាងកក។ (រូបភាព៖ Reuters)

ច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័ររបស់ប្រទេសថៃ (២០០៧) និងវិសោធនកម្មឆ្នាំ ២០១៧ របស់ប្រទេសនេះបានអនុញ្ញាតឱ្យអាជ្ញាធរដាក់ទោសអ្នកដែលបង្ហោះខ្លឹមសារមិនពិត ឬបង្កគ្រោះថ្នាក់លើអ៊ីនធឺណិត។ ជនល្មើសអាចប្រឈមនឹងការផាកពិន័យ ឬជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តនៅតែពិបាក ពីព្រោះការគំរាមកំហែងតាមអ៊ីនធឺណិតជាច្រើនលាក់នៅពីក្រោយគណនីអនាមិក ឬ VPNs ។ ជាការឆ្លើយតប ក្រុមហ៊ុន និងស្ថាប័នរដ្ឋាភិបាល បានចាប់ផ្តើមយុទ្ធនាការយល់ដឹងផ្សេងៗដូចជាឧទាហរណ៍ យុទ្ធនាការ #talkxic បានប្រមូលផ្តុំអ្នកមានឥទ្ធិពលថៃជាង៦០ នាក់ដើម្បីនិយាយប្រឆាំងនឹងការស្អប់តាមអ៊ីនធឺណិត។

ជាមួយគ្នានេះ ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត កំពុងតែរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសថៃនៅប៉ុន្មានឆ្នាំនេះជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍នយោបាយ ឬវិបត្តិសុខភាព ព័ត៌មានមិនពិតអាចរីករាលដាលក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ រដ្ឋាភិបាលថៃបានបង្កើតមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយក្នុងឆ្នាំ ២០១៩ ដើម្បីស៊ើបអង្កេត និងបំភ្លឺព័ត៌មានមិនពិត ជាពិសេសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទោះ​ជា​យ៉ាង​ណា អ្នក​រិះគន់​លើក​ឡើង​ថា ជួនកាល​មជ្ឈមណ្ឌល​នេះ​កំណត់​គោលដៅ​អ្នក​ប្រឆាំង​នយោបាយ​ច្រើន​ជាង​ព័ត៌មាន​មិន​ពិត។

សរុបមក ការគំរាមកំហែងតាមអ៊ីនធឺណិត និងព័ត៌មានក្លែងក្លាយ គឺជាបញ្ហាបន្ទាន់ពីរដែលប៉ះពាល់ដល់ប្រជាជនថៃក្នុងយុគសម័យឌីជីថល។ ច្បាប់ យុទ្ធនាការ និងការអប់រំរបស់ថៃមានស្រាប់ហើយ ប៉ុន្តែខ្វះការអនុវត្តជាក់ស្ដែងដែលជារឿយៗទង្វើទាំងនេះបានធ្វើឲ្យមានការភ័ន្តច្រឡំ និងបង្កជាជម្លោះឬការស្អប់ខ្ពើមរើសអើងផ្សេងៗនៅក្នុងសង្គមថៃ៕