ពិធីអបអរសាទរខួប ២៤៩ ឆ្នាំ នៃទិវាឯករាជ្យសហរដ្ឋអាម៉េរិក ៤កក្កដា និងខួបលើកទី ៧៥ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក (១៩៥០ – ២០២៥) ត្រូវបានរៀបចំឡើងនាល្ងាចថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ដោយស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ដែលបង្ហាញពីសន្តិភាព និងមិត្តភាពដ៏រឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ក៏មានការចូលរួមឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកស្រី Bridgette L. Walker ភារធារី របស់ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជាផងដែរ។
លោកស្រីភារធារី បញ្ជាក់ថា ទិវាឯករាជ្យរបស់សហរដ្ឋអាម៉េរិក គឺជាពេលវេលាមួយសម្រាប់ឆ្លុះបញ្ចាំងឱ្យឃើញថា តើសហរដ្ឋអាម៉េរិកបានចេញដំណើរមកពីទីណា ហើយកំពុងមានទិសដៅធ្វើដំណើរទៅកាន់ទីណា។
ទិវានេះ គឺជាពេលមួយសម្រាប់ជនជាតិអាម៉េរិកជួបជុំគ្នាជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ក្នុងស្មារតីនៃការដឹងគុណចំពោះអ្វីដែលបុព្វបុរសបានកសាងឡើង ហើយរួមគ្នាខិតខំប្រឹងប្រែងជាបន្តទៀត ដើម្បីទទួលបាននូវសមិទ្ធផលថ្មីៗ ដែលជាការបង្ហាញឱ្យឃើញពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍របស់អាម៉េរិកផ្ទាល់។
ក្រៅពីនេះ លោកស្រីក៏បានរំលេចអំពីខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក ដោយបានបញ្ជាក់ថា នេះគឺជាសក្ខីភាពជាក់ស្តែងនៃមិត្តភាពដ៏រឹងមាំ រវាងសហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បីកសាងអនាគតមួយដែលមានភាព រុងរឿង សន្តិភាព និងការរីកចម្រើនរួមគ្នា។
ដោយឡែក ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងថា ទំនាក់ទំនងទ្វេភាគីនេះ បាននិងកំពុងបន្តរីកលូតលាស់ ក៏ដូចជាពង្រីកវិសាលភាពបន្ថែមលើបណ្តាវិស័យដូចជា៖ ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យអប់រំ ការអភិរក្សវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា កម្ពុជានិងសហរដ្ឋអាម៉េរិក នឹងបន្តកត់ត្រាភាពជាដៃគូពោរពេញដោយទំនុកចិត្តរវាងគ្នានិងគ្នា ប្រកបដោយវឌ្ឍនភាព និងនវានុវត្តន៍ បន្តយូរអង្វែងទៅមុខទៀតផងដែរ៕
ដោយ៖ ផុន លីហ្សា






