មន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប ត្រូវបានកោះហៅមកសួរនាំ និងធ្វើស្រាវជ្រាវបន្ថែម នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បន្ទាប់ពីត្រូវបានសង្ស័យថា បានទាមទារលុយពីបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ក្នុងពេលឃាត់សួរពិនិត្យឯកសាររថយន្ត នៅតំបន់ស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ករណីនេះកើតឡើង ក្រោយមានការបង្ហោះតាមបណ្តាញសង្គម អំពីបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលត្រូវប៉ូលីសឃាត់រថយន្តពិនិត្យ ហើយសួរនាំរកឯកសាររថយន្ត ខណៈដែលគាត់បានបង្ហាញប័ណ្ណបើកបរអាស៊ានរួចហើយ ប៉ុន្តែប៉ូលីសនៅតែទាមទាររកឯកសារផ្សេងៗ រហូតប៉ូលីសទាមទារលុយចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ និងមានប៉ូលីសមកទាមទារបន្ថែម៤០០០រៀលទៀតផង។
កន្លងមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ តែងណែនាំដល់មន្ត្រីចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជាកម្លាំងនគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ប្រកាន់យកវិធានការជំនាញ និងវិធានការច្បាប់ ដោយភាពម៉ត់ចត់បំផុត។
ឯកឧត្តម សង្កត់ធ្ងន់ថា ចំពោះមន្ត្រីណាដែលអនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាតដោយមិនលើកលែងនោះទេ៕
ដោយ៖ ផុន លីហ្សា



