កម្ពុជា ស្នើឲ្យ​យូណេស្កូ ពិនិត្យលើសំណង់ដែលថៃ ចម្លងគំរូតាមប្រាសាទអង្គរ

តាមរយៈបទអន្តរាគមន៍ផ្លូវការ នៅក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីស្នាក់ការអង្គការយូណេស្កូ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញក្តីបារម្ភរបស់កម្ពុជា ចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា សំណង់ចម្លងដ៏ធំ តាមគំរូប្រាសាទអង្គរ នៅក្នុងខេត្តបុរីរម្យ ប្រទេសថៃ បានសាងសង់ដោយមិនបានពិភាក្សា ជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។ ការសាងសង់ នេះក៏បានប៉ះពាល់ផងដែរ ដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV- Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។

ទោះបីជាកម្ពុជា បានខិតខំព្យាយាមជាច្រើនលើកច្រើនសាក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅតែ បន្តមិនបញ្ឈប់នោះទេ។ លោកជំទាវបានសង្កត់ធ្ងន់ថា ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់ បេតិកភណ្ឌពិភពលោកទាំងអស់។

កម្ពុជាស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្កូ សូមពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់។

គូរបញ្ជាក់ថា ប្រាសាទ អង្គរវត្ត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ ហើយក៏ជានិមិត្តរូបជាតិកម្ពុជាផងដែរ៕

អត្ថបទ៖ ពុទ្ធិកា