មិនមែននៅកម្ពុជា! នគរបាលជាតិចេញបំភ្លឺករណីវីដេអូប្រើអំពីហឹង្សាដោយបុរសម្នាក់ឆក់ស្រ្តីក្នុងរថយន្ត បង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម

អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១១ ខែកក្កដានេះ បានសង្កេតឃើញមានការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្តតាមបណ្តាញទំនាក់ទនងសង្គម នូវវីដេអូប្រើអំពីហឹង្សា របស់បុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីម្នាក់ក្នុងរថយន្ត ដោយយកដំបងឆក់ទៅលើស្រ្តីរូបនោះ។ 

យោងតាមការស្រាវជ្រាវជំនាញបានឱ្យដឹងថា វីដេអូដែលបានបង្ហោះផ្សព្វផ្សាយនោះ គឺមានប្រភពនៅឯបរទេស មិនមែនកើតឡើងក្នុងប្រទេសកម្ពុជានោះទេ រីឯស្រ្តីដែលរងអំពីហឹង្សា និងការធ្វើទារុណកម្មនោះក៍មិនមែនជនជាតិខ្មែរផងដែរ ។

ការបង្ហោះផ្សព្វផ្សាយ និងចែករំលែកនូវវីដេអូនេះ  អ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គម គ្រាន់តែចង់ចែករំលែកព័ត៌មាន អំពីអំពើហឹង្សានិងការធ្វើទារុណកម្មលើស្រ្តីដើម្បីអោយអ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គមនានាបានដឹង និងថ្កោលទោសចំពោះបុរសដែលប្រព្រឹត្តិនោះតែប៉ុណ្ណោះ។

អគ្គស្នងការដ្ឋាននគរបាលជាតិ សំណូមពរដល់អ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គមដែលបានបង្ហោះផ្សព្វផ្សាយ និងបានចែករំលែកនូវវីដេអូខាងលើ សូមលុប និងបញ្ឍប់នូវការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្តទៀត ជៀសវាងការភាន់ច្រលំដល់សារធារណជន។

បន្ថែមពីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិរំលឹកដល់សាធារណជនត្រូវពិនិត្យ និងពិចារណាឱ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ក្នុងន័យទាញយកការចាប់អារម្មណ៍ ឬប្រជាប្រិយភាព ឬកេងចំនេញផលប្រយោជន៍មកបុគ្គល ដែលរាល់ការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺជាអំពីខុសច្បាប់ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

ដោយ៖ ផុន លីហ្សា