ក្រុមការងារគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបអំពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់បំណាច់ខែមិថុនា ឆ្នាំ២០២៥ នេះគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនទទួលបានលទ្ធផលដូចខាងក្រោម៖
១. ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ៨៦ គ្រឿង។
២. ចំពោះការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបាន សម្រេចជាស្ថាពរលើផ្ទៃដីទំហំ ៤.៤១៥.០០០ ម៉ែត្រការ៉េ ស្មើនឹង ៧០,៦៤% នៃផ្ទៃដីសរុប ដែលគ្រោងរាវរក ទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ៧៩ គ្រាប់ ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៣៥ គ្រាប់។
៣. ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការរ្យរួមមាន៖ លូប្រអប់ សរុប ចំនួន ២៣ កន្លែង ស្មើនឹង ២៣៦,៧០ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប ១៧៨ កន្លែង និងស្ថាបនា សម្រេចជាស្ថាពរនូវថ្នល់បេតុងបង្រៀរទឹក សរុប ចំនួន ១០ កន្លែង ស្មើនឹង ២២១,៨០ ម៉ែត្រ។
៤. វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ៧ ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ១៧៦,៥០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវ ទទឹង ២០ ម៉ែត្រ បានប្រវែង ១៥១,២០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបានប្រវែង ១២៧,៨០ គីឡូម៉ែត្រ, ចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងនូវទំនប់សុវត្ថិភាព និងកសាងតួផ្លូវ បានប្រវែង ១២៤,៨០ គីឡូម៉ែត្រ និងក្រាលល្បាយកម្ទេចថ្មសម្រេចជាស្ថាពរ ប្រវែង ៨៥,៩០ គីឡូម៉ែត្រ។
ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបាន ប្រមាណ ៥៣,៣០% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៦១ គីឡូម៉ែត្រ ស្មើនឹង ៥៦,៦៤% និងខេត្តរតនគិរី បានប្រវែង ២៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤៨,៤៨%។
៥. ក្រុមការងារកំពុងបន្តជំរុញការងារបោសសម្អាតមីនយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត, បន្ត ជំរុញល្បឿនកសាងផ្លូវក្នុងរដូវវស្សា ដោយធានាឱ្យបានតាមបទដ្ឋានលក្ខណៈបច្ចេកទេស មានគុណភាព និងភាពធន់នឹងអាកាសធាតុ, បន្តជំរុញល្បឿននៃការកសាងសំណង់សិល្បការ្យ ដោយពេលភ្លៀងធ្លាក់ខ្លាំងគឺ សម្រាក និងពេលរាំងភ្លៀងបន្តអនុវត្តភារកិច្ចកសាងសំណង់ ។
៦. ក្រុមការងារចំពោះកិច្ច ក.គ.ម ប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក និង បន្តផ្តល់ព័ត៌មាន ស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះ ជាបន្តបន្ទាប់៕
ដោយ៖ ផុន លីហ្សា






