នៅខេត្តកំពង់ធំ ! CMAC ប្រទះឃើញកាំភ្លើងចំនួន ៥២ដើម និងវិទ្យុទាក់ទងចំនួន ៣គ្រឿង សេសសល់ពីសង្គ្រាម

កម្លាំងជំនាញរបស់អង្គភាព CMAC នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានប្រទះឃើញកាំភ្លើងចំនួន ៥២ដើម និងវិទ្យុទាក់ទងចំនួន ៣គ្រឿង ដែលជាគ្រឿងសព្វាវុធនៅសេសសល់ពីសម័យសង្គ្រាម អំឡុងពេលក្រុមការងារបោសសម្អាតអាវុធកប់ទុកពីសង្គ្រាម នៅភូមិទូកពីរ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥កក្កដា នេះថា៖«អាវុធដែលកប់លាក់ទុកត្រៀមប្រយុទ្ធរវាងខ្មែរ និងខ្មែរនៅសមយ័សង្រ្គាម ហើយកន្លែងដែលរកឃើញអាវុធទាំងនេះ ក៏ជាកន្លែងអតីតសមរភូមិប្រយុទ្ធផងដែរ តែបច្ចុប្បន្នបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ដំណាំកសិកម្ម»។

លោក ហេង រតនា បានអរគុណសន្តិភាព ដែលបានធ្វេីឱ្យអាវុធកប់ទុកត្រៀមប្រយុទ្ធរវាងខ្មែរនិងខ្មែរត្រូវបានបញ្ចប់ទាំងស្រុងហេីយអាវុធទាំងនេះ គ្មានសមរភូមិបម្រេីការរហូតបាត់បង់សមត្ថភាពប្រយុទ្ធ និងក្លាយជាសាកសពអាវុធតែម្តង។

សូមជម្រាបថា សកម្មភាពនេះជាផ្នែកមួយនៃការប្តេជ្ញារបស់ CMAC ក្នុងការប្រែក្លាយដីអតីតៈសមរភូមិឱ្យក្លាយជាតំបន់កសិកម្មដ៏មានសុវត្ថិភាព និងអាចប្រើប្រាស់បានវិញសម្រាប់ការអភិវឌ្ឍន៍ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ៕

ដោយ៖ ផុន លីហ្សា