រាជរដ្ឋាភិបាល ចេញបទបញ្ជាឲ្យធ្វើយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស

រាជរដ្ឋាភិបាលសង្កេតឃើញថា សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បច្ចុប្បន្ននៅកម្ពុជា បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ ក្នុងនោះ ក៏មានក្រុមឧក្រិដ្ឋជនបរទេសបានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

តបទៅនឹងបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវបទបញ្ជាមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ ដូចខាងក្រោម៖ 

១- អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។

២-ក្រសួងមហាផ្ទៃ ត្រូវរៀបចំនីតិវិធីបណ្ដេញចេញស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះជនបរទេសដែលបានចូលមកខុសច្បាប់ ឬស្នាក់នៅខុសច្បាប់ ឬធ្វើសកម្មភាពខុសច្បាប់។

៣- អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមបណ្តាខេត្តជាប់ព្រំដែនគោកជាមួយប្រទេស ជិតខាង ត្រូវរបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាម ព្រំដែនគោកដោយខុសច្បាប់

៤- គណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាមផ្លូវទឹកខុសច្បាប់

៥- ក្រសួងយុត្តិធម៌ ត្រូវធ្វើការណែនាំដល់សាលាជម្រះក្តីនិងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ឱ្យយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមច្បាប់និងនីតិវិធីជាធរមាន ព្រមទាំងផ្តល់ការគាំទ្រផ្នែកច្បាប់ដល់ស្ថាប័ននិង អង្គភាពអនុវត្តច្បាប់ក្នុងប្រតិបត្តិការ តាមការចាំបាច់។

៦- អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសប្រឆាំងភេរវកម្ម មេបញ្ជាការកងពលតូច លេខ៧០ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីគាំទ្រដល់ប្រតិបត្តិការ នៅពេលទទួលបានបទបញ្ជា។

៧- ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និងមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន ត្រូវផ្តល់កិច្ចសហការនិង ចូលរួមក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

៨- គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យទីតាំងកាស៊ីណូ ឬមណ្ឌលល្បែងពាណិជ្ជកម្មដែលមានអាជ្ញាបណ្ណទាំងអស់ ដោយមិនឱ្យមានជាដាច់ខាតនូវ : (១)អំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (២)អំពើចាប់ជំរិត ធ្វើទារុណកម្ម និងបង្ខាំងមនុស្សដោយខុសច្បាប់ (៣) អំពើជួញដូរ មនុស្សនិងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ (៤)អំពើជួញដូរអាវុធ រក្សាទុកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់ (៥)ការកសាងកម្លាំងខុសច្បាប់តាមរយៈក្រុមហ៊ុនសន្តិសុខឯកជន និងការប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ ដោយអាវុធ និង (៦)អំពើជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀននិងសារធាតុញៀន ដោយខុសច្បាប់។

ចុងក្រោយ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ 

គួរបញ្ជាក់ថា ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែងតែម្ដង៕

ដោយ៖ ផុន លីហ្សា