ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា មុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាមានដូចជា បន្លែ ,ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។
សម្រាប់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ មានដូចជា ប្រេងសាំង (Gasoline) ,ប្រេងម៉ាស៊ូត (Diesel) ,ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG) ,ប្រេងខ្មៅ (Fuel oil) និងប្រេងសាំងយន្តហោះ (Jet-A1)។
ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញក្នុងទាំងនេះ មិនមែនជាកម្មវត្ថុនៃការ ហាមឃាត់ការនាំចូលនោះទេ។ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។
ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជា ឯកតោភាគីដោយយោធាថៃ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនអាជីវករ/ពាណិជ្ជករ ធុរជននិង សាធារណជនអំពីស្ថានការ និងការវិវត្តនានាពាក់ព័ន្ធនឹងវិធានការខាងលើនេះ។
គួរបញ្ជាក់ថា ផ្តើមចេញពីហេតុការណ៍កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ ដែលកងកម្លាំងយោធាថៃ បានបើកការបាញ់ ប្រហារមកលើទីតាំងកងទ័ពកម្ពុជាជាយូរមកហើយ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យកងកម្ពុជាម្នាក់ស្លាប់ បានរុញស្ថានការណ៍ឲ្យកម្ពុជានិងថៃ ប្រឈមមុខគ្នាដោយកម្លាំងកងទ័ព មានការបិទព្រំដែនដោយឯកតោភាគីពីសំណាក់ប្រទេសថៃ ។
ការឆ្លើយតបវិញរបស់កម្ពុជា គឺឈប់ទិញថាមពលអគ្គិសនី ,អ៊ីនធឺណិត ,បន្លែ ,ផ្លែឈើ និងប្រេងឥន្ធនៈ ពីប្រទេសថៃផងដែរ៕
អត្ថបទ៖ ពុទ្ធិកា