សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន រឹងមាំបន្ថែមទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានចាត់ទុកពេលវេលានៃការបំពេញបេសកកម្មការទូតនៅកម្ពុជា ជាពេលវេលាដ៏មានតម្លៃបំផុតក្នុងជីវិតការងាររបស់ឯកឧត្តម និងមានមោទនភាពដែលបានចូលរួមចំណែកដល់ការពង្រឹង និង ពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ កូរ៉េ-កម្ពុជា ដែលបានប្រែក្លាយជាដៃគូយ៉ាងជិតស្និទ្ធ ចាប់តាំងពីការបង្កើតចំណងការទូត រវាងប្រទេសទាំងពីរ នៅឆ្នាំ១៩៩៧ រហូតដល់ការដំឡើងកម្រិតទំនាក់ទំនង ទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” កាលពីឆ្នាំ២០២៤ កន្លងទៅ។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យ៖ ពាណិជ្ជកម្ម, ធុរកិច្ច និង វិនិយោគ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ ដល់បេសកកម្មរបស់ឯកឧត្តមឱ្យទទួលបានជោគជ័យ។
ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ។ សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបស់ឯកឧត្តម ដែលបានខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។
សម្ដេចបវរធិបតីក៏បានរំឭកពីលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចទៅកាន់សាធារណរដ្ឋកូរ៉េកាលពីឆ្នាំ២០២៤ កន្លងទៅ ដែលតាមរយៈដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា និងកូរ៉េនៅមានសក្ដានុពលជាច្រើនដែលត្រូវពង្រីកបន្ថែម ហើយសម្តេចមានសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងត្រូវបានបន្តពូនជ្រំឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត៕