សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាល បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ដើម្បីគោរពទូលថ្វាយ អំពីលទ្ធផលរាជរដ្ឋាភិបាលទើបសម្រេចបាន គឺការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃ១១ ខែកក្កដាកន្លង។

គួរបញ្ជាក់ថា ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានធ្វើឡើងនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ។
ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)៕
ដោយឡែក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីអបអរសាទរការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពដ៏សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី ១៨ ខែកក្កដា ស្អែកនេះ វេលាម៉ោង ១៤និង០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
អត្ថបទ៖ ពុទ្ធិកា

