ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ខ្នាតធំមួយនឹងផុសត្រដែតឡើងនៅលើទីលានវាលស្មៅ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅក្នុងកម្មវិធី «យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ»នាថ្ងៃទី១៩ កក្កដា ស្អែកនេះ។ ទង់ជាតិខ្នាតធំនេះ នឹងត្រូវកាន់ជ្រោងឡើងដោយក្រុមយុវជនកម្ពុជាជាច្រើននាក់ ដែលជាការសរបញ្ជាក់យ៉ាងច្បាស់ថាយុវជនកម្ពុជា ត្រូវក្រោកឈរឡើង លើកស្ទួយកិត្យនុភាពជាតិ បង្ហាញមោទនភាពជាតិរបស់ខ្លួន និងប្តេជ្ញាការពារឱ្យបានជាដាច់ខាតនូវអធិបតេយ្យភាព បូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។

កម្មវិធី «តស់!យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ» និងមានការជ្រោងទង់ជាតិ នៅលើទីលាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា គឺមានគោលដៅចម្បង គឺដើម្បីបង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរ ដោយមានប្រជាជនជាខឿនការពារជួរក្រោយដើម្បីជួយដល់កងទ័ពជួរមុខ និងបង្ហាញអំពីស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជា ពោរពេញដោយភាពជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពជួរមុខ ក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិខ្មែរ។
ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(UHS) ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានលើកទឹកចិត្ត និងអំពាវនាវដល់កូនខ្មែរគ្រប់រូប ចូលរួមព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញការរួបរួមគ្នាជាធ្លុងមួយបង្ហាញគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខនៅតាមបន្ទាត់ព្រំដែន។

ឯកឧត្តមចាត់ទុកថា «ការក្រោកឈរដោយរឹងមាំ ឈរដោយជឿជាក់ ឈរដោយភាពកក់ក្តៅ ច្រៀងបទ «នគររាជ» បទ «ពង្សាវតារខ្មែរ» បទ «សុវណ្ណភូមិដីខ្មែរ» និងបទ «គន់មើលទៅមេឃ» គឺជាស្មារតីស្នេហាជាតិដ៏ឧត្តុង្គឧត្តមមួយ ដែលក្លាយជាកម្លាំងចិត្ត និងថាមពលដ៏ខ្លាំងក្លាបញ្ជូនទៅដល់កងទ័ពជួរមុខ។
គួរបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រុមបាល់ទាត់មានប្រជាប្រិយភាពចំនួន៨ក្រុម រៀបចំការប្រកួតបាល់ទាត់ ដើម្បីកៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ ក្រោមប្រធានបទ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ»។ ការប្រកួតនេះ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបើកឱ្យទស្សនាដោយសេរីចាប់ពីម៉ោង ៣៖០០រសៀលតទៅ។
ក្រុមបាល់ទាត់ចំនួន ៨ក្រុមដែលនឹងចូលរួមនោះ រួមមាន៖ ១៖ សសយក All Star ,២៖ ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ,៣៖ ក្រុមបាល់ទាត់ Vlogger All Star, ៤៖ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា, ៥៖ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ, ៦៖ ក្រុមបាល់ទាត់តារាកម្ពុជា ,៧៖ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព និង៨៖ ក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)។
កម្មវិធីប្រកួតបាល់ទាត់នេះ នឹងរៀបចំឱ្យមានកម្មវិធីអមមួយចំនួន ដើម្បីជួយជំរុញឱ្យមានការកៀរគមូលនិធិឱ្យបានច្រើន ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ក្នុងនោះក៏មានរៀបចំអាវយឺតចំនួន ១ម៉ឺនអាវ សម្រាប់លក់ ដើម្បីប្រមូលមូលនិធិផងដែរ ដោយអាវយឺត១ តម្លៃ ២ម៉ឺនរៀល។ រាល់ថវិកាដែលបានទទួលតាមរយៈមូលនិធិនេះ ក្រុមការងារមិនបានយកមកចំណាយក្នុងការរៀបចំកម្មវិធីនេះឡើយ។ ក្រោយពេលបានទទួល និងសរុបនូវចំនួនថវិកា ក្រុមការងារនឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ ហើយក្រុមការងារនឹងរៀបចំដើម្បីយកទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខ នៅទិសប្រាសាទព្រះវិហារ៕
អត្ថបទ៖ ពុទ្ធិកា