ឥណ្ឌា ត្រៀមខ្លួនជាស្រេចក្នុងសហការជាមួយកម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពី ការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើត គ.ប.ឆ.ប ដែលជាយន្តការបន្ថែមលើយន្តការមានស្រាប់។

ក្រោយការបង្កើតគ.ប.ឆ.ប. កម្ពុជាបានផ្តោតលើការស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និងបោសសម្អាត ព្រមទាំងចាត់វិធានការច្បាប់លើជនសង្ស័យ ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

ឯកឧត្តមសន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់កិច្ចប្រឹងប្រែងរួមគ្នា ដើម្បីប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាននិងកំពុងកើតមានឡើងក្នុងប្រទេសជាច្រើនផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា បានឯកភាពថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាបញ្ហាសកល ដែលទាមទារឱ្យប្រទេសទាំងអស់ផ្តល់កិច្ចសហប្រតិបត្តិការជាមួយគ្នា និងបានគូសបញ្ជាក់ថា ភាគីឥណ្ឌាត្រៀមខ្លួនជាស្រេចក្នុងសហការ និងធ្វើការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានរំលេចថា ភាគីឥណ្ឌាអាចពិនិត្យលទ្ធភាពពិចារណាផ្តល់កម្មវិធីកសាងសមត្ថភាព តាមសំណើរបស់ គ.ប.ឆ.ប. ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ថែមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសការជួយសង្គ្រោះពលរដ្ឋឥណ្ឌា។

លើសពីនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើបទពិសោធន៍នៃកិច្ចសហប្រតិបត្តិការកន្លងមក រវាងប្រទេសទាំងពីរ និងបានឯកភាពលើជំហានបន្ទាប់មួយចំនួន ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធថែមទៀត រួមមានការចែករំលែកព័ត៌មាន ការស៊ើបអង្កេត ការកសាងសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍ និងការបញ្ជូនពលរដ្ឋឥណ្ឌាត្រឡប់ទៅប្រទេសកំណើតវិញឱ្យបានឆាប់ផងដែរ៕

ដោយ៖ ផុន លីហ្សា