លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងកុមារៗនៅសាលាមតេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងកូនៗ ដែលកំពុងសិក្សានៅ សាលាមត្តេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ថិតនៅបរិវេណវិទ្យាស្ថានបញ្ជាការ-សេនាធិការ និង សាលានាយទាហានសកម្ម នៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២២ កក្កដា ឆ្នាំ២០២៥នេះ ។

បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបង្កើត សាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដែលផ្តល់សេវាអប់រំ ប្រកបដោយគុណភាពដល់កុមារ ដែលមានអាយុ៣ឆ្នាំ ដល់៦ឆ្នាំឬក្រោម៧០ខែ ដោយស្ថិតនៅក្រោមរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងចាត់ចែងផ្ទាល់របស់ វិទ្យាស្ថានបញ្ជាការសេនាធិការ នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ កក្កដានេះ លោកជំទាវបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងកូនៗ ដែលកំពុងសិក្សានៅទីនោះ ប្រកបដោយក្តីស្រឡា ញ់ និងមនោសញ្ជេតនាយ៉ាងជ្រាលជ្រៅបំផុត។

សូមជម្រាបថា សាលាមតេ្តយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ មានតួនាទីនិងភារកិច្ចអនុវត្តច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងកម្មវិធីគាំទ្រនានា សំដៅធានាគុណភាពសេវាអប់រំកុមារតូច ចាប់ពីអាយុ៣ឆ្នាំដល់ក្រោម៦ឆ្នាំ។
កន្លងមកក្រសួងអប់រំបានបញ្ជាក់ថា នាយកសាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងនាយកវិទ្យាស្ថានបញ្ជាការសេនាធិការ នៃក្រសួងការពារជាតិ ត្រូវសហការគ្នាជាមួយរដ្ឋបាល ស្រុកសាមគ្គីមុនីជ័យ និងមន្ទីរអប់រំខេត្តកំពង់ស្ពឺ ដើម្បីគាំទ្របច្ចេកទេស និងគរុកោសល្យសម្រាប់ដំណើរការ សាលាមត្តេយ្យសិក្សាមួយនេះ។

ក្រសួងអប់រំបន្ថែមថា សាលាមត្តេយ្យសិក្សានេះមានសិទ្ធិទទួលមូលនិធិដំណើរការ សាលារៀនសាធារណៈ ឬរបបឧបត្ថម្ភផ្សេងៗទៀត នឹងអាចប្រើប្រាស់បុគ្គលិកអប់រំ ឬគ្រូកិច្ចសន្យា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ ក្នុងនោះមានសិទ្ធិកៀរគរធនធាន ពីសហគមន៍ មាតាបិតា អាណាព្យាបាល ដៃគូអភិវឌ្ឍ សមាគម អង្គការ សប្បុរសជន ដើម្បីដំណើរការអភិវឌ្ឍសាលា។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ «មូលហេតុដែលសាលាមត្តេយ្យសិក្សានេះ ស្ថិតនៅក្រោមរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងចាត់ចែងផ្ទាល់របស់វិទ្យាស្ថានបញ្ជាការសេនាធិការ នៃក្រសួងការពារជាតិ ដោយសារសាលាមត្តេយ្យសិក្សានេះ បង្កើតឡើងតាមសំណើរ របស់នាយកវិទ្យាស្ថានបញ្ជាការសេវាធិការ។ ការបង្កើតសាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅខេត្តកំពង់ស្ពឺស្របនឹងឧត្តមានុវត្តន៍របស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគាំពារនិងអភិវឌ្ឍន៍កុមារតូច ជាពិសេសតួនាទីអភិបាលកិច្ច ដ៏មានប្រសិទ្ធភាពរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្តល់សេវាអភិវឌ្ឍកុមារតូច តាមរយៈសកម្មភាព ការពង្រីកសាលាមត្តេយ្យសិក្សា។

សូមបញ្ជាក់ថា នៅឆ្នាំសិក្សា ២០២៤-២០២៥ កម្ពុជាមានសាលាមត្តេយ្យសរុប ៩០៣៦ កន្លែង រួមមានសាលាមត្តេយ្យសាធារណៈ ៤៧២៥កន្លែង សាលាមត្តេយ្យឯកជន ៩៦៣ កន្លែង និងសាលាមត្តេយ្យសហគមន៍ ៣៣៤កន្លែង។ ក្រៅពីនេះ មានទារកដ្ឋានតាមសហគមន៍ ចំនួន១៣កន្លែង ដែលស្ថិតនៅជិតរោងចក្រកាត់ដេរ សម្រាប់កូនគ្រួសារដែលជាកម្មករ៕