លទ្ធផលឆមាស១! ក្រសួងមហាផ្ទៃឆ្លើយតបសំណូមពរប្រជាពលរដ្ឋជាង ១៦៥ករណីតាមហ្វេសប៊ុក

ឯកឧត្តម សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៤ ខែកក្កដានេះ ដោយបង្ហាញអំពីលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុក និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងឆមាសទី១ ដើមឆ្នាំ២០២៥នេះ។

ក្នុងឆមាសទី១ ដើមឆ្នាំ២០២៥ នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ឯកឧត្តម សុខា និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ដោយបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ចំនួន ២០២គណនី។

ក្នុងចំណោមសំណើ និងសុំណូមពរទាំងនោះ ក្រុមការងារបានទទួលការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនី ចំនួន ៩៥គណនី និង ៧០គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ រួមនឹងការលើកជាគំនិតយោបល់របស់ប្រជាពលរដ្ឋ ដើម្បីជ្រាប ចំនួន ១៨ ផ្សេងទៀត។

ជាមួយគ្នានេះ ក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថា ខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធផងដែរ។

ឯកឧត្តម សុខា ក៏បានកោតសរសើរមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួន ដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និងផលប្រយោជន៍។ល។

ដោយឡែក វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុកឯកឧត្តម សុខា និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង។

ទន្ទឹមនឹងលទ្ធផលដែលបានដោះស្រាយខាងលើ នៅមានមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន មិនទាន់បានដោះស្រាយ ឬក៏ពន្យារការដោះស្រាយបញ្ហាយូរពេក ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ 

ក្នុងន័យនេះ  ឯកឧត្តម សុខា សុំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ បន្តខិតខំពន្លឿនការដោះស្រាយគ្រប់ករណីជាបន្តបន្ទាប់ ពិសេសមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលនៅសេសសល់ មិនត្រូវពន្យារពេលដោះស្រាយយូរពេក និងត្រូវប្រាកដថា ដំណោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល។

លើសពីនេះ ឯកឧត្តមបាមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ទំព័រហ្វេសប៊ុកផ្ទាល់របស់ឯកឧត្តម និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកដ៏សំខាន់ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ៕

ដោយ៖ ផុន លីហ្សា