រដ្ឋបាលខេត្តបន្ទាយមានជ័យ អំពាវនាវប្រជាពលរដ្ឋប្រើអាវុធព័ត៌មាន និងចិត្តសាស្ត្រប្រយុទ្ធនឹងការឈ្លានពានរបស់ថៃ

ក្នុងកាលៈទេសៈដែលសៀមកំពុងតែឈ្លានពានវាយប្រហារមកលើកងទ័ពកម្ពុជាមុន រដ្ឋបាលខេត្តបន្ទាយមានជ័យបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៤ ខែកក្កដានេះ សំណូមពរដល់បងប្អូនបណ្តាញសកម្មជនហ្វេសប៊ុករបស់ក្រសួង ស្ថាប័ន បណ្តាញសកម្មជនរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងបណ្តាញឯករាជ្យផ្សេងៗប្រើប្រាស់អាវុធរបស់យើងគឺ ទូរសព្ទ និងកុំព្យូទ័រ ទាំងអស់គ្នា ហើយសម្រួចតួនាទីសំខាន់ៗដូចខាងក្រោម៖

ទី១. តួនាទីលើ សមរភូមិព័តមាន៖

– ប្រឆាំងព័ត៌មានក្លែងក្លាយ ដែលថៃប្រឌិត ឬបុគ្គលណាមួយបានប្រឌិតឡើង

– ពង្រីកការផ្សព្វផ្សាយគោលជំហរផ្លូវការ តថភាពជាក់ស្តែងឱ្យបានច្រើន និងបានឆ្ងាយ គ្រប់រូបភាព គ្រប់វិធីសាស្ត្រ ដែលអាចធ្វើទៅបាន។

ទី២. តួនាទីលើ សមរភូមិចិត្តសាស្ត្រ៖

– បញ្ចេញសារលើកទឹកចិត្ត និងគាំទ្រដ៏ស្មោះស្មគ្រចំពោះភាពអង់អាច ក្លាហាន និងតស៊ូប្តូរផ្តាច់ របស់បងប្អូនវីរិៈកងទ័ពយើង

– រក្សាភាពហ្នឹងហ្នររបស់ប្រជាពលរដ្ឋ និងសូមឱ្យគាត់ជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើវីរៈកងទ័ពរបស់យើង

– បកអាក្រាតអំពីកលល្បិចរបស់រាជរដ្ឋាភិបាលថៃ និងកងទ័ពថៃលើការប៉ុនប៉ងឈ្លានពានកម្ពុជា

– បង្ហាញអំពីសោដ្ឋនាដកម្ម ផលលំបាក ដែលកងទ័ពថៃបង្ករមកលើប្រជាពលរដ្ឋខ្លួនឯង និងជនស៊ីវិលកម្ពុជា

– បង្ហាញអំពីការក្រឡៃការពិត និងព័ត៌មានរបស់កងទ័ពថៃ និងកាសែតរបស់ថៃ ក្នុងគោលបំណងបិទបាំងប្រជាពលរដ្ឋថៃខ្លួនឯង

– បបួលថៃ ជនជាតិថៃឱ្យមានសេចក្តីក្លាហាន និងមានតែតុលាការអន្តរជាតី ICJ ទេ ដែលជាយន្តការសមស្របបំផុត ក្នុងការដោះស្រាយជម្លោះនេះ ដោយសន្តិវិធី និងយុត្តធម៌សម្រាប់ប្រទេសទាំង២ ដើម្បីយើងបញ្ចប់ការប្រើប្រាស់កម្លាំងទៅថ្ងៃមុខ

ជាចុងក្រោយ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់បងប្អូនខ្មែរដែលមានទស្សនៈផ្សេងៗ សូមរួមគ្នាគាំទ្ររាជរដ្ឋាភិបាល គាំទ្រវីរៈកងទ័ពយើង ដើម្បីប្រយុទ្ធនឹងសត្រូវរួម គឺ ពួកចោរសៀមឈ្លានពាន។ 

ជាមួយគ្នានេះ សូមកុំបង្ករការលំបាក សូមកុំបន្តធ្វើបាតុកម្ម ឬយ៉ាងហោចណាស់ សូមផ្អាកសិន កុំនាំឱ្យសៀម យកទៅផ្សាយបំបែកបំបាក់កម្លាំងសាមគ្គីជាតិប្រទេសយើង៕

ដោយ៖ ផុន លីហ្សា