ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចុះពិនិត្យទីតាំងស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅខេត្តឧត្តរមានជ័យ

ដើម្បីអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមការឯកភាពគ្នា (Agreement) របស់កិច្ចប្រជុំវិសាមញ្ញនៃគណៈ​កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team-IOT) ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះពិនិត្យទីតាំងស្នាក់ការ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) និងទីតាំងមួយចំនួនទៀត ដែលបម្រើឱ្យក្រុមការងារនេះ ប្រចាំនៅខេត្តឧត្តរមានជ័យ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងដំណើរចុះត្រួតពិនិត្យនាពេលនេះ ដោយមានការសម្របសម្រួលពី ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ រួមនិងនាយទាហាន ក្រសួងការពារជាតិ និងកងទ័ពជើងគោកជាច្រើនរូបទៀត។

ទន្ទឹមគ្នានេះ ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ បានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ទាំង៧ប្រទេស ដែលរួមមាន៖ អនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី (ប្រធាន), ប្រទេសឥណ្ឌូនេស៊ី, ប្រទេសឡាវ, ប្រទេសមីយ៉ាន់ម៉ា, ប្រទេសហ្វីលីពីន, ប្រទេសសិង្ហបុរី និងប្រទេសវៀតណាម។

សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នាលើបទឈប់បាញ់។ ការចូលរួមរបស់ប្រទេសដៃគូទាំងនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។