សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី ២៥ ខែកក្កដានេះ បានបញ្ជាក់ក្នុងសារផ្លូវការថា កម្ពុជាឯកភាពចំពោះសំណើរឈប់បាញ់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim ដែលជាប្រធានប្ដូរវេនអាស៊ាន ប៉ុន្តែសំណើនេះត្រូវបានភាគីថៃបដិសេធវិញ បន្ទាប់ពីឯកភាពដំបូង។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេសយី Anwar Ibrahim បានទាក់ទងជាផ្លូវការតាមទូរស័ព្ទនៅល្ងាចថ្ងៃទី ២៤ កក្កដា ២០២៥ ដើម្បីស្នើឱ្យមានការឈប់បាញ់ភ្លាមៗ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ដែលកំពុងមានការប្រយុទ្ធគ្នានៅតាមបណ្តោយព្រំដែន។ កម្ពុជាបានឆ្លើយព្រមភ្លាមៗ ដោយបញ្ជាក់ថា កម្ពុជាមិនមែនជាភាគីចាប់ផ្តើមការវាយប្រហារនោះទេ។
ក្រោយពិភាក្សាជាមួយនាយករដ្ឋមន្ត្រីស្តីទីថៃ ឯកឧត្តម Phumtham Wechayachai ឯកឧត្តម Anwar Ibrahim បានឲ្យដឹងថា ភាគីថៃបានឯកភាពឈប់បាញ់នៅម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា។ ទោះជាយ៉ាងណា ជាងមួយម៉ោងបន្ទាប់ ភាគីថៃបានប្តូរជំហរវិញទៅជាមិនឯកភាព និងសម្រេចរង់ចាំសិន។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា៖ “អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃនិងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់។”
សម្តេចបន្ថែមថា ការឈប់បាញ់គឺជាជំហានដំបូងដ៏សំខាន់ក្នុងការបើកផ្លូវឱ្យមានការពិភាក្សាដំណោះស្រាយសន្តិភាពលើបញ្ហានេះ ដោយកម្ពុជានឹងនៅតែបង្ហាញនូវឆន្ទៈសន្តិភាពច្បាស់លាស់។