ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងនាថ្ងៃ២៩ ខែកក្កដានេះថា៖ «អ្នកលេងបណ្តាញសង្គម ក្រុម MMO និងអ្នកសារព័ត៌មានអនឡាញមួយចំនួនបានផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ពីសមរភូមិមុខ ដែលកំពុងស្ថិតក្នុងការអនុវត្តបទឈប់បាញ់តាំងពីម៉ោង ១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ហើយព័ត៌មានដែលផ្សព្វផ្សាយនោះ គ្រាន់តែឮគេថាតៗតាមគ្នា ជាព័ត៌មានមិនអាចយកជាការបានទេ»។
ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ព័ត៌មានផ្លូវការពីសមរភូមិ គឺមានតែក្រសួងការពារជាតិតែមួយប៉ុណ្ណោះដែលនឹងធ្វើបច្ចុប្បន្នភាពជូនដោយឈរលើការពិត ត្រឹមត្រូវ និងផ្ទៀងផ្ទាត់ច្បាស់លាស់។ ការផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ គ្រាន់តែឭតាមគ្នា ជាកំហុសឆ្គង និងមិនទទួលខុសត្រូវ។
ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការអត់ធ្មត់ និងរង់ចាំទទួលព័ត៌មានផ្លូវការដែលអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួងការពារជាតិ និងក្រសួងព័ត៌មានផ្តល់ជាផ្លូវការ ចៀសវាងការច្រឡោត និងភ័យស្លន់ស្លោរ ឬប្រតិកម្មឆ្លើយតបតាមការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និងព័ត៌មានដែលគ្រាន់តែឮគេថា។
ឯកឧត្តមសង្កតធ្ងន់ថា ការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៎មានដែលគ្មានប្រភពច្បាស់លាស់ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ ដូច្នេះសូមរក្សាភាពអត់ធ្មត់ គោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ និងរួមគ្នាផ្តល់តែព័ត៌មានពិតត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ និងផ្តល់នូវការពិតជូនដល់ពលរដ្ឋ៕
ដោយ៖ ផុន លីហ្សា
