ក្រោយសម្រាកបានជាង២ម៉ោង សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញមកប្រចាំការបន្តទៀតជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់ និងពង្រឹងកិច្ចការពារខ្លួនប្រឆាំងនិងការរំលោភណាមួយពីភាគីម្ខាងទៀត។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួរនាទី
ទាក់ទងដល់កងទ័ពកម្ពុជា១៨រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃកងទ័ពកម្ពុជាក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ ៨ម៉ោងដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ពនិងហាមបន្ថែមកងទ័ព។
សម្តេចបានដាក់ជាសំណួរថា ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឲ្យកម្ពុជាវិញ?
កាលពី ៨ម៉ោងជាងមុន សម្តេចតេជោ បានបង្ហោះសារថា សម្តេចនិងសហការីមួយចំនួននៅជាមួយសម្តេចនៅមុខប្រព័ន្ធវីដេអូដែលមានសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក ម៉ៅ សុផាន់ ក្រោយពេលអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញដើម្បីត្រៀមចេញទៅប្រជុំនៅម៉ាឡេសុី។
ដោយឡែកនៅទីបញ្ជាការមួយទៀតមាននាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត និងក្រុមការងារកំពុងបំពេញការងារយ៉ាងសកម្មដែលនឹងឈានទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា១៨រូបដែលថៃចាប់ក្រោយបទឈប់បាញ់និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ។
សម្តេចតេជោថ្លែងបញ្ជាក់ថា យប់នេះខ្ញុំនិងភរិយា ក៏បានទាក់ទងទៅបណ្តាមេបញ្ជាការនៅជួរមុខមួយចំនួនផងដែរ ដែលពួកគាត់កំពុងគោរពយ៉ាងម៉ឺងម៉ាត់នៃបទឈប់បាញ់និងប្រុងប្រយ័ត្នខ្ពស់សម្រាប់ករណីមានការរំលោភលើបទឈប់បាញ់ពីភាគីម្ខាងទៀត៕


