លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន២រូបនៅខណ្ឌច្បារអំពៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានបន្តអញ្ជើញគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីជីវិតចំនួន២រូប នៅភូមិមិត្តភាព១ សង្កាត់ព្រែកឯង និងនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យុទ្ធជនពលីជីវិតចំនួន២រូបនេះ ទី១ឈ្មោះ លៀម សំពៅមាស ជាមន្រ្តីប៉ូលីស ការពារព្រំដែន ច្រកអានសេះ, ទី២ឈ្មោះ ពោល វ៉ៃ ជាវីរះកងទ័ព ឈរជើងនៅភ្នំទ្រព្យ អ្នកទាំងពីរបានពលីជីវិត នៅក្នុងអំឡុងពេលប៉ះទង្គិច ជម្លោះព្រំដែនរវាង កម្ពុជា – ថៃ កាលពីថ្ងៃទី ២៤-២៨ ខែកក្កដា កន្លងទៅ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ សោកសង្រេង និងសោកស្តាយជាទីបំផុតនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំនូវប្រសាសន៍រំលែកទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសារនៃសព ចំពោះមរណៈភាពរបស់វីរៈកងទ័ពដ៏អង់អាចក្លាហានទាំងពីរ ដោយយក ជីវតទៅប្តូរ ដើម្បីការពារទឹកនៃយើង។

លោកជំទាវបណ្ឌិតបន្តថា ការបាត់បង់ស្វាមី ឪពុក និងញាតិមិត្តដ៏គំរូ ដែលមានគុណធម៌ ដ៏ប្រពៃថ្លៃថ្លា ចំពោះកូនចៅសាច់ញាតិ និងក្រុមគ្រួសារទាំងអស់ គឺជាបានបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់កម្ពុជា ព្រោះការលាចាកលោក របស់វីរៈកងទ័ពនិងមន្រ្តីប៉ូលីសការពារព្រំដែនខាងលើនេះ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម នៃកងកម្លាំង ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមោះមុត អង់អាចក្លាហានចូលរួមតស៊ូដើម្បីជាតិ ប្រជាជន និងពង្រឹងសុខសន្តិភាព ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះដែរ លោកជំទាវបណ្ឌិត បាននាំយកនូវអំណោយមនុស្សធម៌ ជូនគ្រួសារសព នីមួយៗរួមមាន៖ អង្ករ២០០គីឡូ, មីជាតិ៦កេសតូច (១កេសធំ), ទឹកស៊ីអ៊ីវ២យួរ, ទឹកត្រី២យួរ, ទឹកបរិសុទ្ធ២កេស, ប្រេងឆា១ធុង, សាប៊ូដុសខ្លួន១សុង, ចានឆ្នាំង១ឈុត, កូនចង្ក្រានហ្គាស១, ភួយ២, អាវក្មេង២ឈុត, អាវមនុស្សចាស់២ និង ថវិកាមួយចំនួន។ អ្វីដែលរឹតពិសេសនោះនៅក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិតបានចូលរួមអបអរ ចំពោះក្រុមគ្រួសារសពទាំងពីរ ដែលជំពាក់បំណុលធានាគារ ត្រូវបានធនាគារលុបចោលទាំងស្រុង។

ភរិយា និងសាច់ញ្ញាតិនៃសពទាំងពីរសូមគោរពថ្លែងអំណរគុណ លោកជំទាវបណ្ឌិត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់គិតអំពីមរណទុក្ខ សាច់ញ្ញតិ និងស្វាមីគាត់ ខណៈដែលក្រុមគ្រូសារកំពុងរងទុក្ខដ៏សោកសៅ ព្រមជាមួយ ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន។ ហើយគោរពជូនពរថ្នាក់ដឹកនាំទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាជនកម្ពុជាជារៀងរហូត។

លោកជំទាវបណ្ឌិត ឧទ្ទិសកុសល និងបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ពដ៏អង់អាចក្លាហានទាំង ពីរខាងលើ ឆាប់បានទៅចាប់បដិសន្ធិ ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕