ប្រធានអាស៊ាន ត្រៀមពង្រាយក្រុមត្រួតពិនិត្យនៅតាមព្រំដែនកម្ពុជា-ថៃ ប្រើប្រាស់ផ្កាយរណប ដើម្បីឲ្យបទឈប់បាញ់មានប្រសិទ្ធិភាព 

ប្រធានប្តូរវេនអាស៊ាន ប្រកាសត្រៀមលក្ខណៈរួចជាស្រេច ពង្រាយក្រុមត្រួតពិនិត្យនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីឲ្យបទឈប់បាញ់មានប្រសិទ្ធិភាព ដោយប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានការអនុវត្តបទឈប់បាញ់នៃជម្លោះប្រទេសទាំងពីរ។

លោក Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន បានប្រាប់កាសែត Dewan Rakyat នៅថ្ងៃអង្គារ៍នេះថា ប្រទេសម៉ាឡេស៊ីបានត្រៀមលក្ខណៈដើម្បីសម្របសម្រួលការដាក់ពង្រាយក្រុមត្រួតពិនិត្យនៅតាមព្រំដែនថៃ-កម្ពុជា ប្រសិនបើប្រទេសទាំងពីរស្នើសុំ។

លោក Anwar ថ្លែងថាតើ ត្រូវការកងទ័ព ឬ អត់នៅលើដី​ ដើម្បី តាមដាន បទឈប់បាញ់នោះវានឹងត្រូវសម្រេចនៅពេលក្រោយ។ លោកបន្តថា វាមិនងាយស្រួលទេ នៅពេលដែលការសម្លាប់ និងការបាញ់ប្រហារបានកើតឡើង វាត្រូវការពេលវេលាដើម្បីបន្ធូរបន្ថយ និងបន្ថយភាពតានតឹង។

លោកបានបន្ថែមថា ការត្រួតពិនិត្យផ្កាយរណបបច្ចុប្បន្នកំពុងត្រូវបានអនុវត្ត ហើយភាគីទាំងពីរបានយល់ព្រមឱ្យអនុព័ន្ធយោធាម៉ាឡេស៊ី រួមជាមួយនឹងសមភាគីអាស៊ាន ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងឃ្លាំមើលពីចម្ងាយផងដែរ។

សូមជម្រាបជូនថា បើទោះបីជាមានអនុយោធាបណ្តាប្រទសអាស៊ានកំពុងឃ្លាំមើលយ៉ាងណាក៏ដោយ កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំង ពីសំណាក់ កងកម្លាំង របស់យើងយ៉ាងណាក៏ដោយ។ 

ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា  រហូតមកដល់ ថ្ងៃទី០៥ ខែសីហា នេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា៕