គណៈប្រតិភូជិត ៣០ស្ថាប័ន រួមមាន អង្គទូតជាង ១០ប្រទេស ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមរិក កាណាដា ជប៉ុន ចិន រុស្សី និងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ពិសេសភ្នាក់ងារពិសេសអង្គការសហប្រជាជាតិ រួមមាន UNESCO UNICEF ILO IOM WHO សម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២ បានចុះអង្កេតផ្ទាល់ដល់ជំរំជនភៀសសឹកភ្នំកំបោរ នៅស្រុកបន្ទាយអំពិល និងបាត់ថ្កៅ នៅស្រុកចុងកាល់ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ជនភៀសសឹក ពិសេសធ្វើជាសាក្សីនៃសោដនាថកម្មពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ។
ក្នុងដំណើរបេសកម្មដ៏មានសារៈសំខាន់នេះ បេសកជនបានទទួលព័ត៌មានពិត និងសំខាន់ៗ ដូចជា មូលហេតុនៃការជន្លៀសប្រជាជនស្លូតត្រង់ ទំហំនៃផលប៉ះពាល់ ជីវភាពស្នាក់នៅក្នុងជំរំបណ្តោះអាសន្ន ពិសេសទឹកចិត្តរបស់អ្នកទាំងអស់គ្នា ក៏ដូចជាកុមារ មនុស្សចាស់ជរា ជនពិការ ស្ត្រីមានផ្ទៃពោះ ដែលដង្ហោយចង់បានសន្តិភាព ការបញ្ចប់សង្គ្រាមដែលពិតប្រាកដ និងឆាប់រហ័សជាទីបំផុត ដើម្បីបានត្រឡប់ទៅរកជីវភាពរស់នៅជាប្រក្រតីឡើងវិញ។
អភិបាលរងខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្តី បានឲ្យដឹងថា សម្រាប់តែខេត្តឧត្តរមានជ័យមួយនេះ មានជនស៊ីវិលស្លូតត្រង់ជាង ១ម៉ឺនគ្រួសារ ស្មើនឹងជិត ៤ម៉ឺននាក់ មានកុមារជាង ៨ពាន់នាក់ បានរងគ្រោះ។
ផ្ទះសំបែងជាង ២០០ខ្នង សំណង់សាធារណៈរួមមាន វត្តអារាម សាលារៀន មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាង ៤០កន្លែង បានរងការបំផ្លិច បំផ្លាញដោយគ្រាប់ផ្លោង និងការទំលាក់គ្រាប់បែក។
សូមជម្រាបថា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បណ្តាអង្គទូត ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) សរុប ១៥ស្ថាប័ន បានបន្តចុះពិនិត្យជំរុំជនភៀសសឹក នៅវត្តប្រាសាទបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាបផងដែរ។
តាមរបាយការណ៍របស់ក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ចំនួនជនភៀសសឹក៖ ១. ខេត្តឧត្តរមានជ័យ ចំនួន ៣៤ ០២៧នាក់ , ២. ខេត្តព្រះវិហារ ចំនួន ៤២ ០១៦នាក់, ៣. ខេត្តបន្ទាយមានជ័យ ចំនួន ៨ ៥០៥ នាក់, ៤. ខេត្តពោធិ៍សាត់ ចំនួន ៩០៦ នាក់, ៥. ខេត្តសៀមរាប ចំនួន ៣៩ ៤៨៦ នាក់ ដែលសរុបរួមចំនួន ១២៤ ៩៤០ នាក់៕
អត្ថបទ៖ អក្ខរា




