អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់តំណាងអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីព្រិន្ទបាលឯក រិន វាសនា ពលីក្នុងបុព្វហេតុការការពារទឹកដីនៅតំបន់មុំបី

ថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តដឹកនាំក្រុមការងារអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ព្រិន្ទបាលឯក រិន វាសនា អាយុ ២៧ឆ្នាំដែលបានពលីជីវិតក្នុងបុព្វហេតុការការពារទឹកដីនៅតំបន់មុំបី។ ពិធីបុណ្យប្រារព្ធនៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកឧកញ៉ា និងលោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីជាការរំលឹកនូវគុណូបការៈ ក៏ដូចជាវីរភាពអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដីកម្ពុជា។

លោកឧកញ៉ា ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។

ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ពីការរំលោភបំពាន និងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ សូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធយុទ្ធជនពលី បានចាប់កំណើតក្នុងឋានបរម្យសុខកុំបីឃ្លៀងឃ្លាតឡើយ៕