គិតមកទល់ពេលនេះមានរយៈពេល១៤ថ្ងៃហើយ ដែលទាហានកម្ពុជាចំនួន១៨រូប ដែលថៃបានចាប់ទៅក្រោយបទឈប់បាញ់ចូលជាធរមានកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មិនទាន់បានបញ្ជូនត្រឡប់មកវិញនៅឡើយទេ។
ក្នុងសន្និសីទសារព័ត៌មានសង្ខេបលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១២ សីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅតែបន្ដអំពាវនាវឲ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀង ដោយប្រគល់ឲ្យកម្ពុជាវិញនូវកងកម្លាំងទាំង១៨រូបនោះឲ្យបានឆាប់ ខណៈក្រុមគ្រួសាររបស់ពួកគេកំពុងរង់ចាំទាំងយប់ទាំងថ្ងៃ។

ក្នុងនាមក្រសួងការពារជាតិ លោកជំទាវឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណដល់ដៃគូ និងស្ថាប័នអន្ដរជាតិជាច្រើន ដែលបានចូលរួមចំណែកអំពាវនាវម្ដងហើយម្ដងទៀតឲ្យភាគីថៃ ដោះលែងនាយទាហានកម្ពុជាឲ្យបានឆាប់រហ័ស។
ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្ដរជាតិ នឹងបន្ដទាមទាររហូតដល់ភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្ដរជាតិ ហើយកម្ពុជានឹងមិនទុកសមាជិកគ្រួសារណាម្នាក់ចោល ឲ្យនៅឯកោជាដាច់ខាត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមានរួចទៅហើយ កងទ័ពថៃបានប្រើកលល្បិចបក់ដៃហៅកងទ័ពកម្ពុជាទៅចរចា ហើយនៅពេលដែលកងទ័ពកម្ពុជាទៅដល់ កងទ័ពថៃក៏បានលើកកាំភ្លើងភ្ជង់រួចចាប់កងទ័ពកម្ពុជាចំនួន២០នាក់។ លុះដល់ថ្ងៃទី០១ សីហា ឆ្នាំ២០២៥ ថៃបានបញ្ជូនកងកម្លាំងកម្ពុជាចំនួន២នាក់ ត្រឡប់មកកម្ពុជាវិញ ក្នុងស្ថានភាពរបួស៕
អត្ថបទ៖ ពុទ្ធិកា