ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានចាត់ទុកសម្ដីរបស់ទណ្ឌិត សម រង្ស៉ី ដែលវាយប្រហារដល់កងទ័ពខ្មែរ ជាទង្វើមិនឲ្យតម្លៃសញ្ជាតិខ្លួនឯង និងធ្វើឲ្យអាប់ឱនដល់ខ្មែររាប់លាននាក់ ដែលខិតខំប្រឹងប្រែងទប់ស្កាត់ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវ។
ឯកឧត្តម ហ៊ុន ម៉ានី តាមរយៈ Facebook បានអះអាងថា សម្ដីរបស់ទណ្ឌិត សម រង្ស៉ី បានធ្វើឲ្យលោកមានភាពខ្មាសអៀន តូចចិត្ត និងខឹងសម្បា ព្រមទាំងចោទសួរទៅកាន់ទណ្ឌិតរូបនេះថា តើសមជាខ្មែរដែរឬទេ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សំដីរបស់លោក ធ្វើឲ្យខ្ញុំមាន ការខ្មាសអៀន តូចចិត្ត និងខឹងសម្បា។ តើលោកសមជាខ្មែរ ទេ?
- ខ្មាសអៀន៖ ដោយខ្ញុំមិននឹកស្មានថា លោកជាជនជាតិខ្មែរមួយរូប ប៉ុន្តែនិយាយមិនឲ្យតម្លៃសញ្ជាតិខ្លួនឯងទាល់តែសោះ។ លោកធ្វើឲ្យអាប់អន់ដល់ ខ្មែររាប់លាននាក់ ដែលខិតខំប្រឹងប្រែងទប់ស្កាត់ ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវ។ លោកមានបានយល់ពីជម្រៅនៃ ទឹកចិត្ត ឆន្ទៈ និងស្មារតីអង្គអាចក្លាហានរបស់វីរយុទ្ធជនយើង បើទោះមិនមានភាពទំនើប ដូចទាហានឈ្លានពាន ក៏នៅតែការពារទឹកដីយើងមកដល់ពេលនេះ
- តូចចិត្ត៖ ដោយសារមានខ្មែរដូចរូបលោក ដែលមិនត្រឹមតែមិនគាំទ្រប៉ុណ្ណោះទេ តែបែរជាម៉ោងនេះ ពេលនេះ មកនិយាយមួលបង្កាច់ ចំអកពីខឿនការពារជាតិខ្លួន និងធ្វើឱ្យអាប់អន់កិត្តិយសជាតិទៅវិញ។
- ខឹងសម្បា ក្តៅក្រហាយ៖ រាជរដ្ឋាភិបាល និងយុទ្ធជនខ្មែរបានលះបង់គ្រប់បែបយ៉ាងដើម្បីគ្រប់គ្រងសមរភូមិក្ដៅ។ លោកនិយាយបែបនេះ តើលោកបានយល់ និងនឹកឃើញដល់យុទ្ធជនជួរមុខគ្រប់រូបដែលបានឃ្លាតឆ្ងាយពីប្រពន្ធកូន ហើយខ្លះបានរងរបួស ខ្លះពលីដើម្បីការពារទឹកដីខ្មែរ។
ខ្ញុំបានជួប និងស្តាប់ដោយផ្ទាល់ជាមួយបងៗ របួសដែលបានឆ្លងកាត់ ការវាយប្រហាររបស់ពួកឈ្លានពាន លោកពិតជាមិនអាចយល់នូវស្មារតីលះបង់ និងភាពអង្គអាចក្លាហានរបស់ពួកគាត់ដែលនៅសមរភូមិផ្ទាល់នោះទេ លោកនៅក្រៅប្រទេសនិយាយដោយ រីករាយដោយមិនខ្វល់ពី ការពលីឬសុខទុក្ខរបស់ពូៗបងៗកងកម្លាំងរបស់យើងនៅជួរមុខ។ និយាយអោយខ្លី ហើយម្តងទៀត លោកសមជាខ្មែរទេ»៕