ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសើរវីរភាពកងទ័ព ដែលអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការការពារបូរណភាពដែនដី ពីការឈ្លានពានរបស់ថៃ។
ឯកឧត្តមបានឱ្យដឹងថា តាងនាមឱ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឯកឧត្តមបានមកសួរសុខទុក្ខ និងថែ្លងអំណរគុណដល់វីរកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងខេត្តព្រះវិហារ។
វីរកងទ័ពដែលកំពុងសម្រាកព្យាបាលរបួសបានប្រាប់ខ្ញុំថា“មកព្យាបាលនៅទីនេះ តែអារម្មណ៍ខ្ញុំនៅតែជាមួយជួរមុខ ហើយប្រុងប្រៀបប្រយុទ្ធជានិច្ច”។ បើទោះបីជាត្រូវសម្រាកព្យាបាលរបួសដោយសារការប្រយុទ្ធក៏ដោយ ក៏ទឹកចិត្តក្លាហានរបស់វីរកងទ័ពយើងនៅតែអង់អាចមុះមុតបេ្ដជ្ញាបន្ដការពារបូរណភាពដែនដីមិនឱ្យបាត់បង់សូម្បីតែ១មីលីម៉ែត្រ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហ៊ុន ម៉ានី។
ឯកឧត្តមក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងឆន្ទៈខ្ពស់របស់វីរកងទ័ពយើងក្នុងការការពារបូរណភាពដែនដី ដោយប្រយុទ្ធប្រឆាំងដាច់ខាតនូវការឈ្លានពានពីខ្មាំងសត្រូវ។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា នាថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារក្រសួងសុខាភិបាល បានចុះពិនិត្យសាកសួរសុខទុក្ខដល់វីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។
ក្រសួងបានបញ្ជាក់ថា មកដល់ពេលនេះ វីរកងទ័ពយើងមានសុខភាពល្អប្រសើរច្រើន ដោយមានអ្នកជំងឺមួយចំនួនគ្រោងនឹងអនុញ្ញាតឱ្យចេញក្នុងពេលឆាប់ៗ ជាបន្តបន្ទាប់៕






