នៅថ្ងៃចន្ទ ទី១១ ខែសីហា ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនការពារយុត្តិធម៌ អញ្ជើញដឹកនាំប្រតិភូសហព័ន្ធចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី វរសេនីយ៍ត្រី ជួង លៀប អាយុ ៥០ឆ្នាំដែលបានពលីជីវិតក្នុងបុព្វហេតុការការពារទឹកដីលើសមរភូមិតំបន់ប្រាសាទតាមាន់ធំ។ ពិធីបុណ្យស្ថិតនៅភូមិព្រំស្រី ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកឧកញ៉ាបានពាំនាំសាររំលែកទុក្ខពីសំណាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីជាការរំលឹកនូវគុណូបការៈ ក៏ដូចជាវីរភាពអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដីកម្ពុជា។
លោកឧកញ៉ាក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។
ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ពីការរំលោភបំពាន និងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ សូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធយុទ្ធជនពលី បានចាប់កំណើតក្នុងឋានបរម្យសុខកុំបីឃ្លៀងឃ្លាតឡើយ៕








