ម៉ាឡេស៊ីស្នើឲ្យដាក់បញ្ជូនទាហានម៉ាឡេស៊ី នៅតាមព្រំដែនកំពុងមានជម្លោះកម្ពុជា-ថៃ ពិនិត្យបទឈប់បាញ់ជាក់ស្តែង

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាយឧត្តមសេនីយ៍ Mohd Nizam Jaffar បានស្នើឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ផ្ញើលិខិតទៅកាន់មេដឹកនាំនៃប្រទេសថៃ និងកម្ពុជា ដើម្បីអនុញ្ញាតឱ្យកងកម្លាំងម៉ាឡេស៊ីចូលទៅកាន់តំបន់ជម្លោះជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ 

តាមរយៈការចុះផ្សាយពីកាសែតម៉ាឡេស៊ី Bernama បានដកស្រង់សម្តីនាយឧត្តមសេនីយ៍ Mohd Nizam Jaffar យ៉ាងដូច្នេះថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន ត្រូវបានបង្កើតឡើងដោយតំណាងមកពីប្រទេសអាស៊ាន ហើយនឹងនៅលើមូលដ្ឋានព្រំដែនដើម្បីធានា និងត្រួតពិនិត្យថាមិនមានការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។

សូមជម្រាបថា នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានចុះសង្កេតការណ៍នៅភូមិ ព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ បន្ទាយមា នជ័យដែលយោធាថៃ បានរាយលួសបន្លា ថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

ក្រសួងការពារជាតិ សូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ៕