ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Surala Net Co.,Ltd នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពី គម្រោងពង្រឹងសមត្ថភាពសិក្សារបស់កុមារចំពោះជំនាញគណិតវិទ្យា និងការកសាងសមត្ថភាពគ្រូតាមរយៈបច្ចេកវិទ្យាអប់រំ (EDTECH) មានរយៈពេល៥ឆ្នាំ។ កិច្ចសហប្រតិបត្តិការនេះមានគោលដៅ កែលម្អសមត្ថភាពគណិតវិទ្យារបស់សិស្សានុសិស្សថ្នាក់បឋមសិក្សា និងមធ្យមសិក្សានៅកម្ពុជា និងអភិវឌ្ឍសម្ភារៈបង្រៀនគណិតវិទ្យាតាមបែបឌីជីថលជាភាសាខ្មែរ។ នេះបើតាមការឱ្យដឹងពីក្រសួងអប់រំ យុវជន កីឡា។
បើតាមក្រសួងអប់រំ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់គុណភាពនៃសម្ភារៈបង្រៀនសំខាន់ៗ និង លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ក្នុងការបង្រៀន គណិតវិទ្យាព្រមទាំងចូលរួមចំណែកលើកកម្ពស់ជំនាញគណិតវិទ្យារបស់កុមារកម្ពុជាឱ្យឈានដល់កម្រិតប្រកួតប្រជែងនៅឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ គម្រោងក៏ផ្តោតលើការពង្រឹងសមត្ថភាពគ្រូ ដែលអាចប្រើប្រាស់ បច្ចេកវិទ្យាអប់រំ (EdTech) ប្រកបដោយប្រសិទ្ធភាព ការបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍកម្មវិធីសិក្សា និងដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងការអប់រំសាធារណៈក្នុងអំឡុងពេលនៃដំណាក់កាលអនុវត្តសាកល្បង។
លោក Mr. Takayuki Yunokawa អគ្គនាយកក្រុមហ៊ុន Surala Net Co.,Ltd បានឱ្យដឹងពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមកជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ជូលការបង្រៀន គណិតវិទ្យា និងវិទ្យាសាស្រ្ត តាមប្រព័ន្ធអ៊ីនធឺណិត ដល់សិស្សថ្នាក់ទី៧ ដោយកាលពីខែកន្លងទៅ ក្រុមហ៊ុន បានសម្រេចបញ្ជូលភាសាខ្មែរ ក្នុងកម្មវិធីបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួនបន្ថែមពីលើភាសាអង់គ្លេស ឥណ្ឌូនេស៊ី និងស្រីលង្កា ដោយរំពឹងថា តាមរយៈកិច្ចសហប្រតិបត្តការជាមួយក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីរៀនគណិតវិជ្ជា E-Learning នេះ នឹងបន្តពង្រឹង និងពង្រីកវិសាលភាពឱ្យមានការប្រើប្រាស់កាន់តែទូលំទូលាយនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុន Surala Net ដែលបានបកប្រែ និងបញ្ចូលភាសាខ្មែរក្នុងកម្មវិធីរៀនគណិតវិទ្យា តាមរយៈដំណោះស្រាយអេឡិចត្រូនិកសម្រាប់ការសិក្សាដល់សិស្សកម្ពុជា និងសូមចូលរួមអបអរសាទរក្រុមហ៊ុនត្រូវបានជ្រើសរើសដោយក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) ដើម្បីទទួលបានជំនួយសម្រាប់គម្រោង “Global South Future-Oriented Co-Creation Project Subsidy” គាំទ្រដល់ការអភិវឌ្ឍន៍កម្មវិធី Surala Math ជា ភាសាខ្មែរសម្រាប់កុមារកម្ពុជា។
រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសការលើកម្ពស់វិស័យអប់រំ ដោយជឿជាក់ថា កម្មវិធីរៀនគណិតវិទ្យាបែបជប៉ុននេះ នឹងចូលរួមចំណែកពង្រឹងសមត្ថភាពរៀនគណិតវិជ្ជារបស់សិស្សកម្ពុជា មួយកម្រិតទៀត ព្រមទាំងបានណែនាំក្រុមការងារជំនាញ ឱ្យបន្តសហការជិតស្និទ្ធជាមួយក្រុមហ៊ុន Surala Net ដើម្បីអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ សម្រាប់ជាប្រយោជន៍ដល់ការសិក្សារបស់កុមារ និងសិស្សានុសិស្សកម្ពុជា ទាំងក្នុងមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្រ្ត និងឌីជីថល ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជំរុញសមត្ថភាពប្រកួតប្រជែងរបស់យុវជនកម្ពុជាឱ្យកាន់តែខ្លាំងនាពេលអនាគត៕


