ឧត្តមសេនីយ៍ឯក ពៅ ហេង និងឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង ដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ 

នៅថ្ងៃទី២៧ ខែសីហានេះ កម្ពុជា-ថៃ បើកកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ (RBC) នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិ ជាំស្រង៉ាំ ស្ថិតនៅខេត្តឧត្តរមានជ័យ។

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៧ខែសីហានេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះសម្រាប់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ខណៈគណៈប្រតិភូថៃដឹកនាំដោយឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២របស់ថៃ។

តាមរយៈកិច្ចប្រជុំ RBC កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តិទៅទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀតដែលអនុញ្ញាតឱ្យភាគីទាំងពីរជំរុញដល់ការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ និងនាំមកនូវសន្តិភាព ស្ថេរភាព និងស្ថានភាពប្រក្រតីភាពវិលត្រឡប់មកវិញបានយ៉ាងឆាប់រហ័ស។

សូមជម្រាបថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ កម្ពុជាថៃក៏បានបើកកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ។ ជាលទ្ធផល កិច្ចប្រជុំក្រុមលេខាធិការនេះ បានសម្រេចនូវការរីកចម្រើនជាវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់ ក្នុងការត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ  (RBC) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ៕