ប្រធានាធិបតី ស៊ី ជីនពីង ប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ២០លានយ៉ន់ ស្មើនឹង២,៨លានដុល្លារដល់កម្ពុជាដើម្បីជួយស្ដារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីចុងខែកក្កដាកន្លងទៅ។ នេះបើតាមលោក មាស សុភ័ណ្ឌ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យនាយករដ្ឋមន្ត្រី។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់ សម្តេចធិបតី ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក នាពាក់កណ្ដាលអធ្រាត្រថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក មាស សោភ័ណ្ឌ បានថ្លែងថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានបញ្ជាក់ថា មិត្តចិនគាំទ្រចំពោះកម្ពុជានៅក្នុងការកសាងនិងការពង្រឹងសមត្ថភាពអភិវឌ្ឍន៍ដោយម្ចាស់ការលើខ្លួនឯង និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។
ទន្ទឹមនឹងនេះ ប្រធានាធិបតីចិន ក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន២០លានយ័នដល់កម្ពុជាដើម្បីជួយស្ដារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដាកន្លងទៅ។
សូមជម្រាបថា កាលពីកន្លងទៅលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រគល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងជំរុំជនភៀសខ្លួនខេត្តឧត្តរមានជ័យ។
លោក Wang Wenbin បានលើកឡើងថា ការជំនួយមនុស្សធម៌នេះ មានគោលបំណងជួយលើកស្ទួយជីវភាពរស់នៅ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារបញ្ហាសង្គ្រាមនៅតំបន់ព្រំដែន។
ការផ្ដល់ជំនួយរបស់ស្ថានទូតចិនមិនត្រឹមជាសេចក្ដីអាណិតអាសូរទេ ប៉ុន្តែបង្ហាញពីមិត្តភាពរឹងមាំរវាងប្រជាជនចិន និងប្រជាជនកម្ពុជា ដែលតែងតែឈរជើងគាំទ្រនៅពេលមានស្ថានភាពការលំបាក៕
