អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ស្នើសុំឱ្យដកសញ្ជាតិ ទណ្ឌិត សម រង្ស៊ី 

យោងតាមលិខិតមួយទំព័រនៅថ្ងៃទី៤ ខែកញ្ញា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ស្នើសុំឱ្យដកសញ្ជាតិទណ្ឌិត សម រង្ស៊ី និងបក្សពួក ដោយចោទថា ក្រុមនេះមានចេតនាលុបបំបាត់កិត្តិយសវីរៈយុទ្ធជន និងជនរងគ្រោះ បំផ្លាញស្មារតីសាមគ្គីជាតិ។ 

ប្រតិកម្មរបស់កងយោធពលខេមរភូមិន្ទកម្ពុជាធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៊ី និងបក្សពួកបាននិយាយថា រាជរដ្ឋាភិបាល បានគម្រាមកំហែង និងកាត់ប្រាក់ខែកងទ័ពជួរមុខ។ ការរិះគន់នេះត្រូវបានអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ក្រុមទណ្ឌិត សម រង្សុី។

អគ្គបញ្ជាការដ្ឋានបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់គោលរបប និងផ្គត់ផ្គង់បន្ថែមដល់កងទ័ពជួរមុខ ព្រមទាំងមានគោលរបបពិសេសចំពោះយោធិនពលី និងពិការ ដើម្បីការពារជាតិមាតុភូមិ។

អគ្គបញ្ជាការដ្ឋាន ក៏បញ្ជាក់ផងដែរថា ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក បាននិងកំពុងលុបបំបាត់កិត្តិយសវីរៈយុទ្ធជន និងជនរងគ្រោះ បំផ្លាញស្មារតីសាមគ្គីជាតិ ខណៈរាជរដ្ឋាភិបាល ប្រជាជនកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជា កងយោធពលខេមរភូមិន្ទ បាននិងកំពុងតស៊ូក្រាញននៀលប្រយុទ្ធយ៉ាងប្តូរផ្តាច់ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងប្រជាជន។

ទន្ទឹមគ្នានេះ អគ្គបញ្ជាការដ្ឋាន បានថ្កោលទោសដាច់អហង្ការនិងស្នើសុំឱ្យអនុវត្តច្បាប់ដកសញ្ជាតិ និងបទល្មើស ព្រហ្មទណ្ឌផ្សេងៗទៀត ចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្សី និងបក្សពួក។

គួរឲ្យដឹងថា ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ ដែលអនុញ្ញាតឱ្យដកសញ្ជាតិពលរដ្ឋខ្មែរណាគប់គិតជាមួយបរទេស ក្បត់ជាតិសាសន៍ខ្មែរខ្លួនឯង ត្រូវបានព្រះមហាក្សត្រប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយក្រោយច្បាប់នេះត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា អនុម័ត និងពិនិត្យចប់សព្វគ្រប់។

យោងព្រះរាជក្រម ឡាយព្រះហស្ដលេខាដោយព្រះមហាក្សត្រ ចុះថ្ងៃទៅ១៥ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា «ប្រជាពលរដ្ឋខ្មែរណាម្នាក់ដែលគប់គិតបរទេសក្បត់ជាតិ បំផ្លាញជាតិខ្លួនឯង នឹងត្រូវដកសញ្ជាតិ»៕