សម្តេចម៉ែ ប្រោសព្រះរាជទាន ព្រះរាជូបត្ថម្ភចំនួន ២ម៉ឺនដុល្លារដល់ CMAC ដើម្បីឧបត្ថម្ភដល់មន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន

ក្នុងព្រះរាជហឬទ័យស្រឡាញ់ និងព្រះរាជហឬទ័យទុកដាក់បំផុតចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គជាមន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេច​យាយ សម្តេចយាយទួតជាអម្ចាស់នៃយើង ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ថ្លៃថ្លា ចំនួន ២០ ០០០ដុល្លារសហរដ្ឋអាម៉េរិក ជូនមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដើម្បីឧបត្ថម្ភដល់មន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន។

ពិធីប្រគល់ និងទទួលនេះ ក្រោមវត្តមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ដែលទទួលដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។

ក្នុងឱកាសប្រគល់ជូនព្រះរាជទ្រព្យដ៏ថ្លៃថ្លានេះ សម្តេចមហាមន្ត្រី គុយ សុផល បានជម្រាបជូននូវព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គមានព្រះរាជហឬទ័យនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គដែលកំពុងបម្រើការងារបោសសម្អាតមីនយ៉ាងយកចិត្តទុកដាក់នៅតាមតំបន់ព្រំដែន។

សម្តេចមហាមន្ត្រី ព្រះរាជតំណាង មានប្រសាសន៍ជម្រាបជូនថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គមានព្រះរាជហឬទ័យមេត្តាករុណាសណ្តោសប្រោសប្រណីដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខ និងការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅរបស់កូនចៅ ចៅទួតរបស់ព្រះអង្គ ព្រមទាំងប្រទានពរជ័យសិរីមង្គលដ៏បវរមហាប្រសើរ ជូនមន្ត្រីបោសសម្អាតមីននៅតាមតំបន់ព្រំដែនរបស់កម្ពុជា សូមទទួលបានជោគជ័យក្នុងបេសកកម្មដ៏ឧត្តុងឧត្តម ជូនជាតិមាតុភូមិ។