ក្រសួងទេសចរណ៍ ណែនាំពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ១រោច ដល់ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។

ដើម្បីចូលរួមពង្រឹង​គុណភាពសេវាកម្ម ទេសចរណ៍ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការ​ប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយកាលានុ​វត្តភាព និង ភាពកក់ក្តៅ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឱ្យបានអធិកអធមស្របតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ក្រសួងទេសចរណ៍ណែនាំដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់នៅកម្ពុជា។

នៅក្នុងសេចក្តីណែនាំ កាលលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ បានណែនាំឲ្យប្រតិបត្តិករទេសចរណ៍ទាំងអស់៖

– ផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពតាម មូលដ្ឋានអាជីវកម្ម។

-ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវក្នុងការ ពិចារណា ជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍។

-ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឱ្យកាន់តែល្អប្រសើរ

-ត្រូវរៀបចំចំណតរថយន្តឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទទួលសេវាកម្ម អាជីវកម្មរបស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមានស្លាកសញ្ញាសម្គាល់) និងមិនត្រូវបណ្តែតបណ្តោយឱ្យមានការចតទោចក្រយានយន្ត និងយានយន្តដោយគ្មានសណ្តាប់ធ្នាប់ដែលអាចបង្កផលប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ។

-ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅ ផ្នែកខាងក្រៅទីតាំងអាជីវកម្ម។ ផ្នែកខាងក្នុងអាជីវកម្ម ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ ចំនួន៣ច្បាប់ ស្របតាមការណែនាំលេខ០១៨ សណន ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ របស់ ក្រសួងទេសចរណ៍។

-រាល់ការរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃទីតាំងអាជីវកម្ម សូមបង្ហាញអំពី វប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណរបស់រាជធានី ខេត្ត និងមិនប្រាសចាកពីប្រពៃណី ទំនៀមទម្លាប់ខ្មែរ

-ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន អគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ។

-ត្រូវក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកអំពីការផ្តល់សេវាល្អ បដិសណ្ឋារកិច្ចល្អ និងជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍ ព្រមទាំង រៀបចំឱ្យបុគ្គលិកមានឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗ ជាពិសេសស្នើសុំឱ្យមានការ រំលេចលក្ខណៈជាខ្មែរ។

-ត្រូវយកចិត្តទុកដាក់ចំពោះការរក្សាអនាម័យបន្ទប់ទឹក ដោយត្រូវដាក់វេនសម្អាតជាប្រចាំឱ្យបាន ញឹកញាប់ និងមានសម្ភារគ្រប់គ្រាន់មានជាអាទិ៍ សាប៊ូលាងដៃ កន្សែងជូតដៃ ក្រដាសជាដើម និង សូមបែងចែករវាងបន្ទប់ទឹកបុរស-នារី ដើម្បីរក្សាឱ្យមានសុវត្ថិភាព។

-ត្រូវយកចិត្តទុកដាក់ និងចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមឱ្យបានសកម្ម នូវយុទ្ធនាការក្រោមទិសស្លោកចំនួន៣៖ ទី១ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បី ទេសចរណ៍” ទី២ ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និងទី៣ បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា”។

-ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ក្រសួង ទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ៕

អត្ថបទ៖ ពុទ្ធិកា