អាមេរិក ចង់ឲ្យមានអ្នកសង្កេតការណ៍អាស៊ាន នៅក្នុងជម្លោះព្រំដែនកម្ពុជានិងថៃ

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Bridgette L. Walker ភារធារីស្តីទីនៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ។

បើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សហរដ្ឋអាមេរិក តាមរយៈលោកជំទាវ Bridgette L. Walker ចង់ឲ្យបង្កើតអ្នកសង្កេតការណ៍អាស៊ាន ដូចអ្វីដែលភាគីកម្ពុជា និងថៃ បានឯកភាពគ្នានាពេលកន្លង ទៅជុំវិញ ការអនុវត្តបទឈប់បាញ់ ក៏ដូចជាបញ្ហាព្រំដែន។

សហរដ្ឋអាមេរិក ជាពិសេសឯកឧត្តមប្រធានាធិបតី ដូណាល់ត្រាំ និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការវិវត្តន៍ ដូចជាបញ្ហាប្រឈមព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ហើយជាជំហររបស់សហរដ្ឋអាមេរិក គឺចង់ឃើញនូវការវិវត្តន៍ព្រំដែន កម្ពុជា-ថៃ វិលទៅរកភាពប្រក្រតីឡើងវិញ ពោលគឺសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពកើតមានឡើងសម្រាប់ប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តម ជា ធីរិទ្ធ បាន្តថា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបលោកជំទាវ និងសហការីសាជាថ្មីនាពេលនេះ ហើយសម្ដេចត្រៀមជជែកជាមួយលោកជំទាវទាក់ទងនឹងទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសស្ថានភាពចុងក្រោយស្ដីពីបញ្ហាព្រំដែន កម្ពុជា-ថៃ ដែលសហរដ្ឋអាមេរិកបានដើរតួនាទីដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានាពេលបច្ចុប្បន្ន។

សម្ដេចតេជោ បានពន្យល់ទៅកាន់លោកជំទាវទាក់ទងទៅនឹងរឿងរ៉ាវនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងស្ថានភាពវិវត្តន៍ចុងក្រោយនៃបញ្ហានេះ ក្រោយពីមានបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា។ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងដោយចំៗ ចំពោះលោកជំទាវភារធារីស្តីទីថា បទឈប់បាញ់ដែលកម្ពុជា និងថៃមានជាមួយគ្នាកាលពីថ្ងៃ២៨កក្កដាកន្លងទៅនេះ គឺមិនអាចកើតមានបានឡើយប្រសិនបើមិនមានគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ ក្នុងការចូលរួមចំណែកជួយដោះស្រាយឱ្យទាន់ពេលវេលានោះទេ។

សម្ដេចតេជោ បានអរគុណយ៉ាងខ្លាំងចំពោះការចាត់វិធានការទាន់ពេលវេលារបស់រដ្ឋបាលឯកឧត្តម ដូណាល់ត្រាំ និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់ក្នុងការតាមដាន និងដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ សម្ដេចបានបញ្ជាក់ថា បទឈប់បាញ់តាមរយៈការចូលរួមចំណែកពីឯកឧត្តម ដូណាល់ត្រាំ គឺបានជួយដល់ប្រទេសទាំងសងខាង ជាពិសេសកុំឱ្យមានទាហាន និងប្រជាពលរដ្ឋស្លាប់ក្នុងការផ្ទុះអាវុធបន្តទៀត។ យ៉ាងណាសម្ដេចតេជោ ក៏បានបង្ហាញ​នូវក្តីព្រួយបារម្ភចំពោះស្ថានការណ៍ចុងក្រោយនៃបញ្ហាព្រំដែនកម្ពុជា និងថៃ ជាពិសេសការបន្តដាក់បន្លាលួសជាបន្តបន្ទាប់ ដែលចំណុចនេះសម្ដេចចង់ឱ្យសហរដ្ឋអាមេរិកតាមដានយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានឡើង ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវការគោរពបទឈប់បាញ់ឲ្យបានពេញលេញ។

សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាបានអត់ធ្មត់គ្រប់បែបយ៉ាង ដើម្បីធានាការគោរពបទឈប់បាញ់ដែលបានសម្រេចជាមួយគ្នា ហើយជាជំហររបស់កម្ពុជា គឺកម្ពុជាចង់ឱ្យស្ថានភាពព្រំដែនកម្ពុជា ថៃ ត្រឡប់មករកភាពប្រក្រតីឡើងវិញ។ សម្ដេចបន្តថា កម្ពុជាបានអ្នកសង្កេតការណ៍ជាក់លាក់ដើម្បីធានានូវការអនុវត្តនូវបទឈប់បាញ់នេះឱ្យមានប្រសិទ្ធភាព។