គិតពីឆ្នាំ១៩៥០-២០២៥ ចំណងនៃទំនាក់ទំនងការទូររវាងកម្ពុជា-សហរដ្ឋអាមេរិក មានរយៈពេល ៧៥ឆ្នាំហើយ។ ក្នុងឱកាសនៃការអបអរសាទរខួបទី ៧៥ ឆ្នាំនៃមិត្តភាពនេះ សហរដ្ឋអាមេរិកនៅតែប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងនូវអនាគតដ៏ត្រចះត្រចង់ និងមានសុវត្ថិភាពសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។
ដើម្បីបញ្ជាក់ពីសក្ខីភាពនៃទំនាក់ទំនងដ៏រឹងមាំនេះ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិក បានជួបប្រជុំជាមួយប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៥ ខែកញ្ញា ដើម្បីបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងខួបលើកទី៧៥ ឆ្នាំនៃទំនាក់ទំនងទ្វេភាគីដ៏រឹងមាំនេះ។ ភាគីទាំងពីរ បានពិភាក្សាអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ និងរកវិធីសាស្រ្តដើម្បីធានាសន្តិភាពយូរអង្វែង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រធានាធិបតី ដូណាល់ ត្រាំ និងសហរដ្ឋអាមេរិក ដែលជួយធានាឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងចំពោះជំនួយបរទេសរបស់សហរដ្ឋអាមេរិក ដល់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ពីជម្លោះ ដោយរួមមានអាហារបន្ថែមជាង ៥០ ម៉ឺនដុល្លារអាមេរិកសម្រាប់ស្ត្រី និងកុមារដែលរងផលប៉ះពាល់ ការផ្តល់ឧបករណ៍សម្រាប់ជួយសង្គ្រោះជីវិតម្តាយនិងកុមារ ថ្នាំលាបការពារមូសចំនួន ៣ម៉ឺនដប និងមុងចំនួន ២០ម៉ឺន ដើម្បីបង្ការការរីករាលដាលជំងឺគ្រុនចាញ់ និងថវិកាជំនួយដល់ថ្នាក់រៀនជាង ៥០០ ដើម្បីឱ្យមានការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីន នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់។
សម្តេចតេជោ បានកោតសរសើរសហរដ្ឋអាមេរិកចំពោះភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា និងជាប្រទេសដំបូងដែលទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជានៅឆ្នាំ ១៩៥០។ ការពិភាក្សាក៏បានផ្តោតលើអាទិភាពសំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជាការប្តេជ្ញារបស់កម្ពុជាក្នុងការទទួលយកជនជាតិខ្លួនដែលរស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ត្រឡប់មកប្រទេសកម្ពុជាវិញ និងការប្រយុទ្ធប្រឆាំងមជ្ឈមណ្ឌលក្លែងបន្លំតាមអនឡាញ៕

