អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ ៦គោលដៅ

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននឹងកំពុងរៀបចំផ្គត់ផ្គង់ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៦គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់សមរភូមិជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ។

គិតត្រឹមនៅថ្ងៃទី៧ ខែកញ្ញានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា  ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារយុវជនបន្តផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនដល់មានជនភៀសសឹក ៦គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៦៣៤គ្រួសារ ស្មើ ៨,៦៨៩នាក់ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ 

សូមជម្រាបថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រាប់ម៉ឺននាក់បានជម្លៀសមកកាន់ទីសុវត្ថិភាព ហើយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងនាមប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

បើទោះបីមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក៏នៅតែបន្តបន្តផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៦គោលដៅក្នុងខេត្តព្រះវិហារ ដោយរង់ចាំពេលវេលាដែលរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យត្រឡប់ទៅកាន់លំនៅឋានវិញនាពេលដ៏ឆាប់ខាងមុខ៕