សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបប្រជុំកំពូលជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល០៣ថ្ងៃ នៅកម្ពុជា។

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ដែលបានបញ្ជាក់នៅក្រោយជំនួបនេះថា នៅក្នុងជំនួប សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ប្រធានាធិបតីហ្វីលីពីន អំពីស្ថានភាពព្រំដែននៃប្រទេសកម្ពុជា និងអរគុណចំពោះហ្វីលីពីន ដែលតែងតែគាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយបញ្ហាដោយសន្តិវិធី និងជាពិសេសការគាំទ្ររបស់ហ្វីលីពីន ចំពោះការធានាឱ្យមានបទឈប់បាញ់រវាងប្រទេសទាំងពីរ ។
ហើយជាការឆ្លើយតប ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ បានសន្យាក្នុងនាមជាសមាជិកអាស៊ាន នឹងប្រឹង ប្រែងឱ្យអស់លទ្ធភាពដើម្បីឱ្យភាគី កម្ពុជា-ថៃ អាចដោះស្រាយបញ្ហាដោយសន្តិវិធី ហើយព្រំដែននៃប្រទេសទាំងពីរ វិលមកប្រក្រតី មានសន្តិភាពឡើងវិញ។
ឯកឧត្តម ជា ធីរិទ្ធ បានបន្តថា នៅក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនបន្ថែមទៀត ដោយសម្ដេចបានបញ្ជាក់អំពីទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងបានផ្ដល់ជាយោបល់ដល់រដ្ឋាភិបាលហ្វីលីពីន និងកម្ពុជា ធ្វើយ៉ាងណាបង្កើនពាណិជ្ជកម្មជាមួយគ្នាឲ្យបានច្រើនថែមទៀត ខណៈដែលបច្ចុប្បន្នទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ គឺនៅមានកម្រិត។ សម្ដេចតេជោ ចង់ឃើញភាគីទាំងពីរ បង្កើនទំហំពាណិជ្ជកម្មឲ្យកាន់តែកើនឡើងបន្ថែមទៀត ។

ជាមួយគ្នានេះ បើតាមអ្នកនាំពាក្យ ថា ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ក៏បានលើកឡើងដោយឯកភាពនូវអ្វីដែលជាការលើកឡើងរបស់សម្ដេចតេជោ ដោយបញ្ជាក់អំពីភាគីទាំងពីរ ត្រូវបង្កើននូវទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែល្អប្រសើរជាងនេះ ជាពិសេសគឺផ្ដោតទៅលើពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតលើទំហំពាណិជ្ជកម្ម ជាងនេះទៀតគឺកិច្ចសហប្រតិបត្តិការគ្នានៅក្នុងវិស័យទេសចរណ៍ដែលភាគីទាំងពីរត្រូវរួមគ្នាបន្ថែម។
ឯកឧត្តម ក៏បានចាត់ទុកអាកាសយានដ្ឋានថ្មីរបស់កម្ពុជា ជាផ្នែកមួយនៃការបង្កើននូវវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដែលលោកសង្ឃឹមថា វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងមានការរីកចម្រើនតាមរយៈការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ ៕

