ពិព័រណ៍ផលិតផលខ្មែរក្នុងគោលដៅបណ្តុះស្មារតីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក នឹងធ្វើឡើងនៅចុងខែកញ្ញានេះ

ក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ។

បើតាមក្រសួងពាណិជ្ជកម្ម ថាព្រឹត្តិការណ៍ពិព័រណ៍រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងបណ្តុះស្មារតីចូលរួមជំរុញគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែផុសផុល និងទូលំទូលាយបន្ថែមទៀត ដែលជាកត្តាចាំបាច់ ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម បង្កើនឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម ក៏បានអញ្ជើញលោក-លោកស្រី ជាអាជីវករ ផលិតករ ពាណិជ្ជករ និង សាធារណជនទូទៅចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើឱ្យបានច្រើនកុះករ និងសូមចូលរួមគាំទ្រ លើកស្ទួយ និងផ្សព្វផ្សាយផលិតផលក្នុងស្រុក ដើម្បីបង្ហាញមោទនភាពជាតិខ្មែរ៕

អត្ថបទ៖ ពុទ្ធិកា