សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ (RBAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។
ក្នុងជំនួប ឯកឧត្តមអគ្គមេបញ្ជាការ បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងតំបន់អាស៊ាន។
ឯកឧត្តមអគ្គមេបញ្ជាការក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលបានបញ្ជូនកងកម្លាំងទៅទទួលការបណ្តុះបណ្តាលនៅប្រទេសព្រុយណេ និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្សរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ សម្តេចបវរធិបតីមានជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមអគ្គមេបញ្ជាការនាពេលនេះ ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរនឹងកាន់តែត្រូវបានជំរុញឱ្យរីកចម្រើនថែមទៀត។ សម្តេចបវរធិបតីក៏បានថ្លែងអំណរគុណព្រុយណេដែលបន្តគាំទ្រលើការងារបណ្តុះបណ្តាលដល់កងទ័ពកម្ពុជា។
ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីសង្ឃឹមថា កងទ័ពទាំងពីរនឹងបន្តពង្រឹង និងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែប្រសើរឡើង តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់កម្រិត, ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាដេីម។
ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ, សម្តេចបវរធិបតីបានថ្លែងអំណរគុណព្រុយណេដែលបានគាំទ្រ និងបានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងបានជម្រាបជូនឯកឧត្តមអគ្គមេបញ្ជាការអំពីបច្ចុប្បន្នភាពស្តីពីការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សទ្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ។
ឯកឧត្តមអគ្គមេបញ្ជាការបានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់ព្រុយណេលើយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ដើម្បីរក្សាបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ ក៏ដូចជា សន្តិភាពនៅក្នុងតំបន់ទាំងមូល៕