ថ្ងៃនេះខួបទី៥៦ នៃការយាងចូលព្រះទិវង្គតរបស់កំពូលអ្នកប្រាជ្ញខ្មែរ សម្ដេចព្រះមហាសង្ឃរាជ ជួន ណាត

​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥ នេះ ជា​ពិធី​គម្រប់​ខួប​៥៦​ឆ្នាំ​នៃ​ការយាង​ចូល​ព្រះ​ទិវង្គត​របស់​សម្តេចព្រះ​មហាសុមេធាធិបតី ជួន ណាត ជោ​ត​ញ្ញា​ណោ សម្ដេចព្រះសង្ឃរាជ​ថ្នាក់​ទី​១ គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​កំពូល​អ្នកប្រាជ្ញ​របស់​ក​ម្ពុ​ជា​។

សម្តេចព្រះសង្ឃរាជ បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​១៩៦៩ វេលាម៉ោង២១កន្លះ ក្នុង​ព្រះ​ជន្មាយុ​៨៦​ព្រះវស្សា​ នាព្រះរាជដំណាក់ អារាមដ្ឋានឧណ្ណាលោម រាជធានីចតុម្មុខមង្គល។ កិច្ចពិធីគម្រប់ខួបនៃការយាងសោយព្រះទិវង្គតរបស់សម្តេចព្រះសង្ឃរាជជោតញ្ញាណោ​ ជួន​ ណាត​ នាថ្ងៃព្រហស្បត្តិ ៣កេីត​ ខែអស្សុជ​ ឆ្នាំម្សាញ់​ សប្តស័ក​ ពុទ្ធសករាជ​ ២៥៦៩​ ត្រូវនឹងថ្ងៃទី២៥​ ខែ​ កញ្ញា​ ឆ្នាំ២០២៥។

សម្តេចព្រះសង្ឃរាជគឺជាអ្នកប្រាជ្ញដែលមានគុណបំណាច់ដ៏ធំធេងចំពោះមាតុភូមិកម្ពុជាយេីងទាំងផ្លូវពុទ្ធចក្រ​ និងអាណាចក្រ​ ជាពិសេសនោះគឺលោក​ជាអ្នកប្រាជ្ញដែលបានបណ្តុះបណ្តាលនូវស្មារតី​ និងធនធានផ្នែកបញ្ញាដល់គ្រហស្ថ​ បព្វជិតគ្រប់ឋានានុក្រម។

ព្រះអង្គបានចូលរួមចំណែកជាមួយអ្នកប្រាជ្ញដទៃទៀតដេីម្បីធ្វេីការបកប្រែនូវគម្ពីរក្បួនខ្នាត​ផ្សេងៗ មានព្រះត្រៃបិដក​ និងផ្តេីមគំនិតរៀបរៀងនូវវចនានុក្រមជាដេីម។ ជាពិសេស​នោះព្រះអង្គបានធ្វេីឱ្យជន​បរទេសស្ងេីចសរសេីរនូវបញ្ញាចេះចាំរបស់ទ្រង់ជាខ្លាំងថែមទៀតផង​។ ប្រការនេះហេីយដែលធ្វេីឱ្យកម្ពុជាយេីងក៏មានកេរ្តិ៍ឈ្មោះល្បីរន្ទឺលេីឆាកអន្តរជាតិទៅតាមកិត្តិនាមរបស់ទ្រង់ផងដែរ។

ក្នុងការលះបង់នូវពេលវេលាសឹងពេញមួយជីវិតរបស់ទ្រង់នោះគឺដេីម្បីតែការគាំពារនូវមរតកដូនតា​ ព្រមទាំងអក្សរសាស្ត្រ​ អក្សរសិល្ប៍ជាតិឱ្យស្ថិតស្ថេរគង់នៅដេីម្បីជាប្រយោជន៍អង្វែងដល់ជនានុជន។ ដូច្នេះហេីយយេីងជាសិស្សគណ​ និងជាកុលបុត្រកុលធីតាខ្មែរ​ គួរមានស្មារតីចងចាំនូវគុណូបការ:ដ៏ធំធេងមហិមារបស់ទ្រង់៕