សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington រួមដំណើរដោយឯកឧត្តម Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington និងលោកជំទាវ Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួប, ឯកឧត្តម Adam Smith បានសម្តែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតីដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានចូលជួបពិភាក្សាការងារនាពេលនេះ។
គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះមានគោលបំណងរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ គណៈប្រតិភូសភាអាមេរិកក៏បានកោតសរសើរចំពោះជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ជាការឆ្លើយតប, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាអាមេរិកដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះដែរ, សម្តេចបវរធិបតី និងគណៈប្រតិភូសភាអាមេរិក ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នា ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ សេដ្ឋកិច្ច, វិនិយោគ, ការពារជាតិ, សន្តិសុខ និងអប់រំ ជាដេីម។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានឆាប់រហ័ស ដែលបានជួយសង្គ្រោះអាយុជីវិតមនុស្សជាច្រើន និងបានជម្រាបជូនគណៈប្រតិភូសភាអាមេរិកអំពីបច្ចុប្បន្នភាពស្តីពីការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី, ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី, អនុសញ្ញា, និង សន្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ។
