ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងជម្រុញដល់មេឃុំចៅសង្កាត់ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តកម្មវិធីជាតិជំនួយសង្គមឱ្យបានល្អ និងត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឱ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាពដើម្បីមន្រ្តីជំនាញជួយពួកគាត់បានទាន់ពេលវេលាចំគោលដៅ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលរំលឹក ស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ-សង្កាត់ និងការរិយាល័យអប់រំក្រុង-ស្រុកទូទាំងខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម គណប្រតិភូអមដំណើរ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច និងមន្ទីរអប់រំខេត្ត ប្រធានការរិយាល័យសង្គមកិច្ច និងការរិយាល័យអប់រំក្រុង-ស្រុក មេឃុំចៅសង្កាត់ទាំង១០០រួមនិងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ។

ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ដើម្បីធ្វើឱ្យប្រសើឡើងវិញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋរាជរដ្ឋាភិបាលពិតជាបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់គាំទ្រដល់ដំណើរការ នៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក និងត្រូវបានបិទបញ្ចប់ស្របតាមស្ថានភាពប្រសើរឡើង នៃស្ថានភាពសេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល។
ឯកឧត្តមក៏ កោតសរសើរដោយស្មោះ ចំពោះរាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិកន្លងមក និងអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមនានា ជាបន្តបន្ទាប់។ គ្រប់កម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តតាកែវបាននឹងកំពុងគាំទ្រជំរុញ និងយកចិត្តទុកដាក់ជាប់ជាប្រចាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងអាចសម្រេចបាននូវសមិទ្ធផលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។





