នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានឆ្នាំ២០២៥, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Alvin Tan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម, ក្រសួងវប្បធម៌ សហគមន៍ និងយុវជន នៃប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។
នៅក្នុងជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-សិង្ហបុរី ដែលសម្រេចបាននាពេលកន្លងមក និងមានទស្សនៈរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យបានកាន់តែស៊ីជម្រៅ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរបន្ថែមទៀត។
សូមបញ្ជាក់ជូនថា នៅឆ្នាំ២០២៤ ភ្ញៀវទេសចរសិង្ហបុរី មកកម្ពុជា មានចំនួន ៤៥.៨៩៥នាក់ កើនឡើង ៤,៦%, ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៥ ភ្ញៀវទេសចរសិង្ហបុរី មានចំនួន ២៩.១២១នាក់ កើនឡើង ៣,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។


