ចំពោះមុខគណៈប្រតិភូមកពីជាង ១៥០ប្រទេស តំណាងកម្ពុជាប្រាប់សហគមន៍អន្តរជាតិថា ករណីប្រាសាទព្រះវិហារ ទោះបីជាសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ បានទទួលថាប្រាសាទនេះនៅក្នុងដែនអធិបតេយ្យកម្ពុជា ហើយត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៨ ក៏ដោយ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ប្រាសាទព្រះវិហារ នៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធហាមឃាតដោយច្បាប់អន្តរជាតិផងដែរ។ នេះជាការថ្លែងរបស់ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅក្នុង «សន្និសីទពិភពលោកយូណេស្កូស្ដីពីគោលនយោបាយវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព – MONDIACULT 2025» ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងប៉ាសេឡូណា ប្រទេសអេស្ប៉ាញ ដែលមានការចូលរួមពីគណៈប្រតិភូជាង ១៥០ប្រទេស។
ថ្លែងក្នុងកិច្ចពិភាក្សាស្តីអំពី «វប្បធម៌ និងសន្តិភាព» ក្នុងនាមជាស្ថាប័នដៃគូនៃអង្គការយូណេស្កូ ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា វប្បធម៌ដើរតួនាទីយ៉ាងសំខាន់ ជាស្ពានតភ្ជាប់សហគមន៍ និងជាមូលដ្ឋាន គ្រឹះសម្រាប់សន្តិភាពប្រកបដោយចីរភាព។ វប្បធម៌មិនគួរត្រូវបានប្រើប្រាស់ជាអាវុធទេតែវប្បធម៌ជា មធ្យោបាយដើម្បីដោះស្រាយបញ្ហាឫសគល់នៃជម្លោះ ការបង្រួបបង្រួម និងការផ្សះផ្សា។ ឯកឧត្តម បានគូសបញ្ជាក់ថា បេតិកភណ្ឌ វប្បធម៌ជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់គ្នា ដូច្នេះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ មិនមែន គ្រាន់តែជាការបាត់បង់សម្រាប់ប្រទេសជាតិណាមួយនោះឡើយ ប៉ុន្តែជាសោកនាដកម្មរបស់ពិភពលោក ព្រោះគឺជាការបំផ្លាញប្រវត្តិសាស្ត្រមនុស្សជាតិ។
ក្នុងន័យនេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានទទូចឱ្យមានការគាំទ្រជាអន្តរជាតិ ការពង្រឹងយន្តការតំបន់ ដូចជាអាស៊ាន អង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ជាពិសេសអង្គការ យូណេស្កូ ដែលត្រូវដើរតួនាទីយ៉ាងសំខាន់និងកាន់តែសកម្ម ដើម្បីលើកកម្ពស់តម្លៃនៃច្បាប់អន្តរជាតិ និង លើកទឹកចិត្តឱ្យមានដំណោះស្រាយដោយសន្តិវិធី ក្នុងការទប់ស្កាត់សោកនាដកម្មលើសម្បត្តិបេតិកភណ្ឌ វប្បធម៌ឱ្យបានទាន់ពេលវេលា ជាពិសេស នៅក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ផុយស្រួយនាពេល បច្ចុប្បន្ននេះ ដែលកិច្ចសហប្រតិបត្តិការពិភពលោកក្នុងវិស័យវប្បធម៌ និងសន្តិភាព គឺមានភាពបន្ទាន់
ជាងពេលណាទាំងអស់។
ជាមួយគ្នានេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានធ្វើការកត់សម្គាល់អំពី បទពិសោធន៍របស់ប្រទេសកម្ពុជា ដែលវប្បធម៌បាន រួមចំណែកជាក់ស្តែងដល់ការកសាងសន្តិភាព តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចខិតខំប្រឹង ប្រែងអភិរក្សបេតិកភណ្ឌវប្បធម៌។ កម្ពុជាបានសម្រេចនូវសមិទ្ធិផលដ៏អស្ចារ្យក្នុងការការពារបេតិកភណ្ឌរូបី និងអរូបី តាមរយៈយន្តការអន្តរជាតិ និងភាពជាដៃគូរួមមានយន្តការ ICC-Angkor និង ICC-Preah Vihear ដែលបានបង្ហាញពីរបៀបនកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការការពារតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក និងជំរុញសន្តិភាព៕


