ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្ថិតិជលផលឌីជីថល (Online FishStat System) ដែលជាបច្ចេកវិទ្យាថ្មីមួយ សម្រាប់គ្រប់គ្រងនិងអភិវឌ្ឍធនធានជលផល។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្ថិតិជលផលឌីជីថលនេះ បានធ្វើឡើងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់&មូន រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន វិទ្យាស្ថាន អធិការរដ្ឋបាលជលផល២៥ ខណ្ឌរដ្ឋបាលជលផល តំណាងនាយកដ្ឋានផែនការ ស្ថិតិនៃក្រសួងកសិកម្ម លោក Koen Everaert អនុប្រធានផ្នែកសហប្រតិបត្តិការអន្តរជាតិនៃសហភាពអឺរ៉ុប និងលោកស្រី Rebekah Bell ប្រធានអង្គការFAO ប្រចាំនៅកម្ពុជា សរុបអ្នកចូលរួម៩៥នាក់ ។

ថ្លែងនៅក្នុងអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានគូសបញ្ជាក់ថា ការបើកដំណើរការប្រព័ន្ធស្ថិតិជលផល FishStat នេះ មិនត្រឹមតែជាការណែនាំកម្មវិធី ឬបច្ចេកវិទ្យាថ្មីមួយនោះទេ ជាការបង្ហាញពីផ្លាស់ប្តូរដ៏សំខាន់ដែលយើងអនុវត្តបច្ចេកវិទ្យាឌីជីថលទំនើប សម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍធនធានជលផល ត្រូវបានរំពឹងថា នឹងមានជាការដោះស្រាយបញ្ហាលំបាកផ្សេងៗ។ ប្រព័ន្ធនេះបង្ហាញឱ្យឃើញបានច្បាស់ជាងមុន មិនត្រឹមតែទិន្នន័យបច្ចុប្បន្នទេ ប៉ុន្តែថែមទាំងកំណត់និន្នាការ ស្ថានភាពជលផល រួមមានទាំងឧបករណ៍សម្រាប់គ្រប់គ្រង និងការធ្វើរបាយការណ៍ផ្អែកលើទិន្នន័យឌីជីថលជលផលនេះ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ការប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធស្ថិតិជលផល គឺចំពេលវេលា និងឆ្លើយតបតាមតម្រូវការទិន្នន័យកាន់តែប្រសើរ និងជាក់លាក់។ ជាផ្នែកសំខាន់ក្នុងបណ្តុំទិន្នន័យធំ ដែលភ្ជាប់និងបំពេញជាមួយវិស័យពាក់ព័ន្ធផ្សេងៗ។ ទិន្នន័យទាំងនេះផ្តល់ព័ត៌មាន ចាំបាច់សម្រាប់តភ្ជាប់វិស័យជលផល ជាមួយការអភិវឌ្ឍកសិកម្ម និងការគ្រប់គ្រងធនធានទឹក ប្រកបដោយនិរន្តភាព ។ វិធីសាស្ត្របញ្ចូលគ្នានេះ គឺសំខាន់ណាស់ សម្រាប់ការធានាសន្តិសុខស្បៀង រយៈពេលវែងសម្រាប់ប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសម្តែងនូវការថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុបសម្រាប់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុ និងភាពជាដៃគូសហការ និងដល់អង្គការ FAO សម្រាប់ជំនួយបច្ចេកទេស ក្នុងការអនុវត្តន៍កម្មវិធី CAPFISH ជាពិសេសការអភិវឌ្ឍ និងដាក់ឱ្យដំណើរការប្រព័ន្ធ FishStat រួមជាមួយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចបាននូវសមិទ្ធផលដ៏មានតម្លៃនេះ៕

