កងកម្លាំងប្រដាប់អាវុធរបស់ថៃ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានបន្តទន្ទ្រានទឹកដីកម្ពុជាទាំងខុសច្បាប់ ដោយមិនខ្លាចច្បាប់អន្តរជាតិ តាមរយៈការប្រើគ្រឿងចក្រឈូសឆាយ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជា កន្លែងដែលកងកម្លាំងថៃបានមករាយបន្លាលួស និងដាក់កង់ឡាន កាលពីពេលកន្លងទៅ។

ជាមួយនឹងសកម្មភាពគឃ្លើនរបស់ថៃនេះ ភ្លាមៗក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលពីក្រសួងការពារជាតិកម្ពុជា នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក៏បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាកន្លែងដែលកងកម្លាំងនិងគ្រឿងចក្រថៃ បានបំពានអធិបតេយ្យភាពកម្ពុជា ។
គួរបញ្ជាក់ថា តាមរយៈលិខិតឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់កងកម្លាំងបូព៌ា នៃកងទ័ពភូមិភាគទី១ ថៃ ស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ របស់កម្ពុជា ទល់មុខនឹងតំបន់ភូមិណងចាន់ របស់ថៃ និងតំបន់ភូមិព្រៃចាន់ របស់កម្ពុជា ទល់មុខនឹងតំបន់ភូមិណងយ៉ាកែវ របស់ថៃ, កងពលថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ របស់កម្ពុជា បានស្នើឱ្យទីបញ្ជាការកងកម្លាំងបូព៌ា ផ្អាកសកម្មភាព ដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយរង់ចាំការសម្រេចពីថ្នាក់លើ និងតាមបែបបទនីតិវិធីដែលត្រូវកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ ។
បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥១ ថា ការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ របស់កម្ពុជា ទល់មុខតំបន់ភូមិណងចាន់ របស់ថៃ និងតំបន់ភូមិព្រៃចាន់របស់កម្ពុជា ទល់មុខតំបន់ភូមិណងយ៉ាកែវ របស់ថៃ ដែលកំណត់ធ្វើនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ដោយទីបញ្ជាការកងកម្លាំងបូព៌ា ធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុង កិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)នោះទេ៕








