សម្តេចតេជោ ហ៊ុន សែន ប្រាប់មិត្តជប៉ុនពីជំហររបស់កម្ពុជាលើបញ្ហាព្រំដែន គឺធ្វើយ៉ាងណាចង់ឱ្យដោះស្រាយដោយសន្តិវិធី និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ

ទាក់ទងនឹងស្ថានភាពព្រំដែន កម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីជំហររបស់កម្ពុជា គឺធ្វើយ៉ាងណាចង់ឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ 

ការលើកឡើងនេះ ក្នុងពេល អនុញ្ញាតឱ្យឯកឧត្តម TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម នារសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥  នៅវិមានព្រឹទ្ធសភា ។

សម្ដេចតេជោបានបញ្ជាក់ថា ភាពរីកចម្រើននៅកម្ពុជាមិនអាចកាត់ផ្ដាច់បានឡើយនូវតួនាទីរបស់ជប៉ុន រាប់ទាំងការចូលរួមចំណែករកសន្តិភាពនៅកម្ពុជា រួមទាំងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។ 

ឯកឧត្តមប្រធាន (JICA)  បានមើលឃើញពីការប្រែប្រួលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយឯកឧត្តមបានសរសើរអំពីការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់អំពីតួនាទីរបស់កម្ពុជាក្នុងការចូលរួមចំណែក ជាពិសេសការសហការជាមួយស៊ីម៉ាក់ក្នុងសកម្មភាពដោះមីននៅក្រៅប្រទេស រួមទាំងតួនាទីរបស់ JICA ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដូចជាការសាងសង់ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ជ្រោយចង្វារ, ស្ពានគីសូណា, ស្ពានអ្នកលឿង, ការជួយកំពង់ផែស្វយ័តព្រះសីហនុ រួមទាំងផ្លូវជាតិមួយចំនួនដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ជាដើម។ល។ 

ឯកឧត្តមក៏បានរំលេចអំពីការពង្រីកកិច្ចសហប្រតិបត្តិការ ដែល JICA នឹងធ្វើបន្ថែមទៀត ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន ឯកឧត្តមសង្ឃឹមថា ភាគីទាំងពីរ នឹងអាចឈានទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធីនៅពេលខាងមុខ ហើយស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងវិលមករកប្រក្រតីភាពឡើងវិញ៕